ព័ត៌មានទាន់ហេតុការណ៍៖

នាយរងផ្នែកសណ្ដាប់ធ្នាប់ម្នាក់ ត្រូវជនស្រវឹងស្រាជិះម៉ូតូបុក នៅគ្រាដែលកំពុងបំពេញបេសកកម្ម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក នាយរងផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង រងរបួសក្បាលជង្គង់ហូរឈាមកក្លាក្ស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈមានជនស្រវឹងស្រាជិះម៉ូតូក្នុងល្បឿនលឿន ក៏បានជ្រុលបុកគាត់នៅគោលដៅកំពុងត្រួតពិនិត្យបទល្មើស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជនប្រមឹកជិះម៉ូតូបុកនគរបាលប្រចាំគោលខាងលើ នៅវេលាម៉ោង៧ និង៣៥នាទី យប់ថ្ងៃព្រហស្បត្តិ៍ ៧រោច ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចទួលគ្រួស ស្ថិតក្នុងស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកវាលវែងនៅម៉ោងខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែងដឹកនាំដោយលោក វរសេនីយ៍ត្រី ឈាន ឆោម អធិការរងទទួលផែនសណ្ដាប់ធ្នាប់ ដាក់គោលដៅដើម្បីត្រួតពិនិត្យអាវុធជាត់ផ្ទុះ និងម៉ូតូច្នៃសុីមាំងបំពងសំឡេង នៅគ្រានោះស្រាប់តែមានជន ២នាក់ជិះម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ គ្មានស្លាកលេខ មកពីទិសខាងលិចក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចគោលដៅមិនបន្ថយលឿន ក៏បានជ្រុលបុកនគរបាលកំពុងបំពេញការងារ បណ្ដាលឲ្យរងរបួសហូរឈាមត្រង់ចំណុចក្បាលជង្គង់ ។

របាយការណ៍ខាងលើបន្តថា នគរបាលរងរបួសឈ្មោះ ឃឹម ប៊ុនថង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មានឋានៈជានាយរងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែង ចំណែកសង្ស័យប្រមឹកជិះម៉ូតូបង្កឈ្មោះ ញូ អូន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាកនៅរកសុីឈើនៅភូមិ.ឃុំកើតហេតុ និងអ្នករួមដំណើររត់គេចខ្លួន ។

របាយការណ៍ដដែលបន្តទៀតថា នគរបាលរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកសង្ស័យប្រមឹកជិះម៉ូតូបង្កហេតុបានបញ្ជូនទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង៕ ប៉ឹម ពិន

 


ចែករំលែក៖