បាងកក៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងចាប់ផ្ដើមការលក់បញ្ចុះតម្លៃពិសេសក្រោមកម្មវិធីAmazing Thailand Grand Sale ដើម្បីអបអរពេលដំណាច់ឆ្នាំតាមរយៈការប្រើប្រាស់“លិខិតឆ្លងដែនឯកសិទ្ធិ”ដោយកម្មវិធីប្រូម៉ូសិននេះផ្ដោតលើភ្ញៀវទេសចរណ៍មកពីប្រទេសកម្ពុជានិងប្រទេសក្នុងតំបន់ដែលមកលេងប្រទេសថៃ។
តាមការប្រកាសខាងលើបានបញ្ជាក់ថាភ្ញៀវទេសចរណ៍ទាំងនេះនឹងអាចកាត់បន្ថយចំណាយនិងសន្សំសំចៃបានច្រើនសម្រាប់ការជាវសេវាកម្មនិងទំនិញពេញនិយមនានាដែលមាននៅតាមទីកន្លែងដៃគូសហការផ្សេងៗដូចជាផ្សារទំនើបស្យាមផារ៉ាហ្គនដ៏ល្បីឈ្មោះផ្សារទំនើបប៊ីកស៊ីមន្ទីពេទ្យបាងកកហាងស្ប៉ានិងហាងលក់គ្រឿងអលង្ការព្រមទាំងទីកន្លែងទេសចរណ៍ផ្សេងៗទៀតរួមមានវិទ្យាស្ថានវិទ្យាសាស្ត្រសមុទ្រនិងទីក្រុងឧទ្យានស្យាមជាដើម។កម្មវិធីនេះផ្ដល់ជូននូវការបញ្ចុះតម្លៃបន្ថែមទៀតលើកម្មវិធីបញ្ចុះតម្លៃដែលមានស្រាប់ពីផ្សារទំនើបនិងហាងដៃគូរសហការក្នុងបណ្ដាទីក្រុងនានាក្នុងប្រទេសថៃដូចជាទីក្រុងបាងកកភូកេតតាក់ឧដុនថានីនិងណងខាយព្រមទាំងខេត្តសុរិន្ទដែលនៅជាប់ព្រំដែនភាគខាងជើងប្រទេសកម្ពុជាផងដែរ។ភ្ញៀវទេសចរដែលធ្វើដំណើរទៅប្រទេសថៃនឹងទទួលបានការបញ្ចុះតម្លៃនិងការផ្ដល់ជូនពិសេសៗភ្លាមៗតែម្ដងនៅពេលទិញទំនិញនិងប្រើប្រាស់សេវាកម្មនានានៅតាមហាងដែលចូលរួមក្នុងកម្មវិធីបញ្ចុះតម្លៃពិសេសក្រោមកម្មវិធីAmazing Thailand Grand Sale ដោយគ្រាន់តែបង្ហាញលិខិតឆ្លងដែនទៅបុគ្គលិកប្រចាំការនៅតាមហាងទាំងនោះតែប៉ុណ្ណោះ។
លោកយុទ្ធថាស័ក្តិស៊ូផាសនប្រធានអជ្ញាធរទេសចរណ៍ថៃមានប្រសាសន៍ថាកម្មវិធីថ្មីនេះនឹងបន្តរហូតដល់ថ្ងៃទី១៥ខែមករាឆ្នាំ២០១៩ក្នុងគោលបំណងផ្សព្វផ្សាយអំពីប្រទេសថៃឲ្យក្លាយជាគោលដៅទេសចរណ៍សម្រាប់ការដើរផ្សារទិញទំនិញទេសចរណ៍វេជ្ជសាស្ត្រនិងទីលំហែកាយសម្រាប់ប្រជាជនដែលរស់នៅក្នុងបណ្ដាប្រទេសក្នុងតំបន់។លោកយុទ្ធថាស័ក្តិបានថ្លែងថា៖“អជ្ញាធរទេសចរណ៍ថៃកំពុងសហការជាមួយដៃគូររបស់យើងដែលមានទាំងរោងចក្រផលិតមានទាំងម៉ាកយីហោល្បីៗផ្សារទំនើបហាងទំនិញទីកន្លែងទេសចរណ៍ផ្សេងៗនិងក្រុមហ៊ុនផ្ដល់សេវាប័ណ្ណឥណទានដើម្បីផ្ដល់ឲ្យភ្ញៀវទេសចរណ៍ដែលមកដល់ប្រទេសថៃនូវ“លិខិតឆ្លងដែនឯកសិទ្ធិ»។ភ្ញៀវទេសចរណ៍នឹងបានរីករាយជាមួយនឹងការបញ្ចុះតម្លៃយ៉ាងអស្ចារ្យសម្រាប់ប្រូម៉ូសិនពិសេសពីកម្មវិធីAmazing Thailand Grand Sale ដែលប្រព្រឹត្តទៅចំពេលល្អសមស្របក្នុងការមកលេងប្រទេសថៃនិងទិញទំនិញនិងប្រើប្រាស់សេវាកម្មនានានៅមុនឱការដូវបុណ្យដែលចូលមកដល់នៅខែធ្នូនេះ”។
គួរបញ្ជាក់ដែរថាអាជ្ញាធរទេសចរណ៍ថៃក៏កំពុងផ្សព្វផ្សាយជំរុញការលក់ទំនិញពេញនិយមក្នុងចំណោមភ្ញៀវទេសចរណ៍ដែលមានដូចជាក្រណាត់ថៃល្អបំផុតគ្រឿងសម្អាងនិងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាដើម។ម្យ៉ាងទៀតអាជ្ញាធរទេសចរណ៍ថៃក៏ធ្វើការផ្សព្វផ្សាយនិងបង្កើត“ព្រឹត្តិការណ៍ទិញទំនិញ”បែបភ្ញាក់ផ្អើលនៅតាមផ្សារទំនើបនិងហាងទំនិញនានាក្នុងបណ្ដាទីក្រុងធំៗដើម្បីផ្ដល់ជាអនុស្សាវរីយ៍ពិសេសៗសម្រាប់ភ្ញៀវទេសចរណ៍ដែលបានមកលេង៕ វឌ្ឍនា