ព័ត៌មានទាន់ហេតុការណ៍៖

យស បូវណ្ណៈ វិលមកកម្ពុជាថ្ងៃអាទិត្យនេះ ដើម្បីថតភាពយន្តជាថ្មី

ចែករំលែក៖

ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេតារាសម្តែងប្រុសល្បីឈ្មោះក្នុងទសវត្សរិ៍ទី៩០ លោក យស បូវណ្ណៈ នឹងធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨ ។ ដំណើរវិលត្រឡប់មកមាតុភូមិនេះលោក ក៏នឹងចូលរួមសម្តែងភាពយន្តតាមការអញ្ជើញរបស់ផលិតកម្មមហាហង្ស ពិសេសតាមការសំណូមពររបស់ទស្សនិកជនដែលចង់ឃើញវត្តមានលោកវិលរកការសម្តែងជាថ្មី ។

ចាកចេញពីទឹកដីកំណើតជាង១០ឆ្នាំ ទៅរស់នៅសហរដ្ឋអាមេរិក លោក យស បូវណ្ណៈ នៅតែបន្តរក្សាទំនាក់ទំនងជាមួយអ្នកសិល្បៈ និងផលិតករដដែល បើទោះបីជាលោកបានផ្អាកទទួលយកការងារសិល្បៈក៏ដោយ ។ លោកតែងបង្ហាញវត្តមានជាញឹកញាប់ក្នុងកម្មវិធីជួបជុំរបស់អ្នកសិល្បៈ ពិសេសកម្មវិធីដែលមានវត្តមានសិល្បករពីកម្ពុជាទៅច្រៀងរាំជូនជនជាតិខ្មែរស្តាប់ និងរាំលេងកម្សាន្តនោះ ។

តាមការបញ្ជាក់របស់ផលិតកម្មមហាហង្សបានលើកឡើងថា តារាសម្តែងជើងចាស់ លោក យស បូវណ្ណៈ នឹងធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅវេលាម៉ោង១០ នឹង៣០នាទីព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០១៨នេះ ដើម្បីចូលរួមសម្តែងខ្សែភាពយន្តឲ្យផលិតកម្មខាងលើ ។

ទោះជាយ៉ាងណាគេនៅមិនទាន់អាចបញ្ជាក់បានលម្អិតនៅឡើយទេថាតើតារារូបនេះនឹងចូលរួមសម្តែងភាពយន្តអ្វីខ្លះ ហើយលោកនឹងត្រូវចំណាយពេលយូរប៉ុណ្ណោះដើម្បីថតភាពយន្តនោះដែរ ។ ទោះជាយ៉ាងណាដំណឹងនៃការវិលត្រឡប់មកចូលរួមសម្តែងរបស់តារារូបនេះនឹងអាចឲ្យទស្សនិកជនដែលធ្លាប់គាំទ្រលោកបានឃើញស្នាដៃសម្តែងជាថ្មីរបស់តារារូបនេះ ។

គួរបញ្ជាក់ដែរថាលោកយស បូវណ្ណៈធ្លាប់ជាតារាសម្តែងលេចធ្លោក្នុងវ៧ស័យសិល្បៈក្នុងអំឡុងទសវត្សរិ៍ទី៩០ដែលលោកធ្លាប់រួមសម្តែងជាមួយតារាល្បីឈ្មោះក្នុងសម័យកាលនោះជាច្រើន ។ លោកធ្លាប់ចូលរួមសម្តែងរឿងល្បីមួយចំនួនក្នុងសម័យកាលនោះមានដូចជារឿង“បិទភ្នែកហែកទ្រូង” (សម្ដែងជាមួយអ្នកនាងអម្ពរទេវី ),រឿង“ព្រាននារីអស់លក្ខណ៍”(សម្ដែងជាមួយអ្នកនាងអ៊ុសុវណ្ណនី), រឿង“ទាសីស្នេហ៍”(សម្តែងរួមជាមួយចាន់តារាទី)និងក្រោយៗមកទៀតជាមួយអ្នកនាងសុខស្រីមុំ, កែវកល្យាណនិងតារាៗល្បីៗជាច្រើនទៀត ។ ភាពយន្តដែលធ្វើឲ្យទស្សនិកជនចងចាំលោកមិនភ្លេចនោះគឺរឿង”ព្រានព្រៃដំរីដេញ”ដែលបានចាប់ដៃគូសម្ដែងជាមួយនឹងលោកស្រីកែវកល្យាណ ។ អតីតតារាភាពយន្តលោកយសបូវណ្ណៈមានវ័យជាង៥០ឆ្នាំហើយលោកកំពុងរស់មូលប្រពន្ធកូននៅសហរដ្ឋអាមេរិក៕ វឌ្ឍនា


ចែករំលែក៖