ប្រទេសនេប៉ាល់៖ នៅរាត្រីថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយរដ្ឋាភិបាលនៃប្រទេសនេប៉ាល់ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងប្រតិភូនៃដែលអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅថ្ងៃស្អែកទី ១ ធ្នូ ២០១៨។
នៅក្នុងពិធីលៀងសាយភោជន៍យប់នេះ គឺមានវត្តមាន ឯឧ ខាត់ហ្កា ប្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់។ ក្នុងនាម ឯឧ នាយករដ្ឋមន្រ្តីនេប៉ាល់ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកំពូលអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ២០១៨ និងក្នុងនាមរដ្ឋាភិបាល និងប្រជាជននេប៉ាល់ គឺរំភើបរីករាយជាអនេកដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនិងភ្ញៀវជាតិ និងអន្តរជាតិដែលជាប្រតិភូនៃអាស៊ី-ប៉ាស៊ីហ្វិកដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ២០១៨ នៅលើទឹកដីដ៏ពិសិដ្ឋកំណើតព្រះពុទ្ធដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយ។
កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី១ធ្នូ ស្អែកនេះ គឺនឹងពិភាក្សាទៅលើដំណោះ ស្រាយបញ្ហាប្រឈមដ៏សំខាន់បំផុត នៅក្នុងយុគសម័យរបស់យើងទាំងអស់គ្នា ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល។
ឯឧប្រធានបានប្រសិទ្ធពរជ័យដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណះប្រតិភូទាំងអស់ មានសុខភាពល្អបរិបូរណ៍ កម្លាំងពូលាំងមាំមួននិងរួមគ្នាខិតខំរកដំណោះស្រាយរាល់នូវបញ្ហាប្រឈមនានា ក្នុងនោះរួមមានភាពក្រីក្រ អំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង ការធ្លាក់ ចុះនិងការបាត់បង់សីលធម៌រស់នៅ ការផ្លាស់ទីលំនៅដោយបង្ខំ គ្រោះមហន្តរាយធម្មជាតិ និងការ ប្រកួតប្រជែងផ្នែកសញ្វវុធ ដែលកំពុងគំរាមកំហែងដល់សន្តិសុខ និងភាពសុខដុមរមនានៃសហគមន៍ពិភពលោក។ បញ្ហាប្រឈមទាំងអស់នោះ អាចនិងត្រូវបានដោះស្រាយដោយផ្អែកលើចក្ខុវិស័យនៃការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំតាមរយះការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកគតិបណ្ឌិត និងការយល់ឃើញរបស់ថ្នាក់ដឹកនាំទាំងឡាយដែលមានការប្តេជ្ញាចិត្តក្នុងការកសាងពិភពលោកមួយ ប្រកបដោយការអធ្យាស្រ័យគ្នាទៅវិញទៅមក ប្រកបដោយសន្តិភាព និរន្តរភាព និងវិបុលភាពសម្រាប់មនុស្សជាតិទាំងអស់៕