ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូល្បឿនលឿនទៅស្រុកកំណើត ជ្រុលបុករថយន្តកុងតឺន័រពីក្រោយស្លាប់ និងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាបម្នាក់ទៀត រងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន បុកគូថរថយន្តកុងតឺន័រពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានកាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង ១១:៣០នាទី យប់ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១២១ និង១២២ ស្ថិតក្នុងភូមិ ចំបក់សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ភា អាយុ ២២ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ កំពង់ត្របែកឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង និងអ្នករួមដំណើររងរបួសធ្ងន់ មានឈ្មោះ ធី អាយុជាង២០ឆ្នាំ មុខរបរកសិករមានទីលំនៅក្នុងភូមិ ឃុំជាមួយគ្នា ខណៈម៉ូតូម៉ាក ហុងដា អ៊ែរឡែត ពណ៌ ស ពាក់ស្លាកលេខ ព្រៃវែង ១ H.៧១៩៦ ខូចខាតទាំងស្រុង ។

ចំណែកអ្នកបើករថយន្ដកុងតឺន័រ ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ៣​​ C ២០៦៨ ស៊ឺមីរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ ៤ A ៤០៧១ មិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុបានរត់ គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា អ៊ែរឡែត ពណ៌ ស ដោយធ្វើដំណើរលើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រ្រលេខ ១២១ និង១២២ ក្នុងទិសដៅពីកើតមកលិចឆ្ពោះទៅស្រុកកំណើតខេត្តព្រៃវែងក្នុងល្បឿនលឿនណាមួយយប់ងងឹតផងស្រាប់តែទៅបុក នឹងរថយន្ដកុងតឺន័រ ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ៣​​ C ២០៦៨ សឺម៉ីរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ ៤ A ៤០៧១ ដែលឈប់ទិសដៅស្របគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក អ្នកភូមិបានរបាយការណ៍មកសមត្ថកិច្ចមូលដ្ឋានយកជនរងគ្រោះ ដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ព្រមទាំងវាស់វែងអូសយកមធ្យោបាយទាំង២គ្រឿង មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀងដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖