ព័ត៌មានទាន់ហេតុការណ៍៖

ប្រគល់រង្វាន់ជូនជ័យលាភី ក្នុងកម្មវិធី SmartEdu USDP ជាលើកដំបូង

ចែករំលែក៖

ភ្នំពេញ៖ : បន្ទាប់ពីបានឆ្លងកាត់ការបណ្ដុះបណ្ដាលក្នុងកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ (USDP) របស់កម្មវិធី SmartEdu ដែលមានរយៈពេល ១៣ ថ្ងៃនៅក្នុងខេត្តសៀមរាប ក្រុមជ័យលាភីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួនបីក្រុម បានបង្ហាញដំណោះស្រាយនវានុវត្តន៍នៅក្នុងវគ្គផ្ដាច់ព្រាត់ និង ពិធីប្រគល់រង្វាន់នៅឯសណ្ឋាគារ សូហ្វីធែលភ្នំពេញ។ ព្រឹត្តិការណ៍បិទកម្មវិធីនេះធ្វើឡើងកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ មានការចូលរួមជាកិត្តិយសពី លោកមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍កម្ពុជា។

ក្រុមដែលមានឈ្មោះថា Smart ដែលមាននិស្សិតថ្នាក់បរិញ្ញាបត្រចំនួន៨នាក់ ត្រូវបានជ្រើសរើសជាជ័យលាភីក្នុងវគ្គផ្ដាច់ព្រាត់។ គំនិតនវានុវត្តន៍បែបឌីជីថលទាំងថ្មីនិងចាស់ ដើម្បីកាត់បន្ថយការតេមិនសូវមានតម្លៃដ៏ច្រើន មកកាន់មជ្ឈមណ្ឌលផ្ដល់ព័តមានរបស់ក្រុមហ៊ុន Smart ដែលត្រូវបានបង្កើតឡើងដោយចំណាយពេលត្រឹមតែ៤៨ម៉ោង បានធ្វើឲ្យគណៈកម្មការវិនិច្ឆ័យភ្ញាក់ផ្អើល ក្នុងនោះរួមមានដូចជា លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ជី សីលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay លោក Richard Bates នាយកប្រតិបត្តិក្រុមហ៊ុន AIA និងកញ្ញា ម៉ៅ សុផល្លីន នាយកផ្នែកដៃគូក្រុមហ៊ុន Pathmazing។

ក្រុមឈ្នះក្នុងវគ្គផ្ដាច់ព្រាត់ ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ១,៨០០ ដុល្លារ។ ចំណែកឯក្រុមដែលធ្វើបានល្អបំផុតក្នុងអំឡុងពេលចូលរួមសិក្ខាសាលា ទទួលបានប្រាក់រង្វាន់ចំនួន ១,២០០ ដុល្លារ។ លើសពីនេះ និស្សិតដែលបានធ្វើល្អបំផុតចំនួន៨រូប នឹងទទួលបានការចុះកម្មសិក្សាដែលមានប្រាក់ឧបត្ថម្ភ រយៈពេល២ខែ នៅឯក្រុមហ៊ុនរបស់ Axiata នៅប្រទេសម៉ាឡេស៊ី។

នៅក្នុងអំឡុងពេលបិទកម្មវិធី លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានចែករំលែកចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការបណ្ដុះអ្នកដឹកនាំអាជីកម្មថ្មីៗ សម្រាប់អនាគតរបស់វិស័យឌីជីថលនៅប្រទេសកម្ពុជា តាមរយៈកម្មវិធីប្រចាំឆ្នាំនេះ ដែលយកគំរូតាមកម្មវិធី Axiata អ្នកមានទេពកោសល្យវ័យក្មេង (Axiata Young Talent Program) ក្នុងប្រទេសម៉ាឡេស៊ី។លោកមានប្រសាសន៍ថា៖ “កម្មវិធី SmartEdu USDPរៀបចំនិស្សិតសាកលវិទ្យាល័យនៅកម្ពុជាដើម្បីដឹកនាំឧស្សាហកម្មបច្ចេកវិទ្យារបស់ប្រទេសនាពេលអនាគតនិងសាកល្បងសមត្ថភាពវិជ្ជាជីវៈរបស់ពួកគេសម្រាប់ការរៀនជំនាញដោះស្រាយបញ្ហាពិតប្រាកដ។ ខ្ញុំមានសេចក្ដីសោមនស្សរីករាយណាស់ ដែលបានចំណាយពេលខ្លះៗ ជាមួយនឹងអ្នកចូលរួមនៅក្នុងខេត្តសៀមរាប ហើយខ្ញុំច្បាស់ក្នុងចិត្តណាស់ថា អនាគត់របស់ប្រទេសកម្ពុជា នឹងមានភាពភ្លឺស្វាង! យើងទន្ទឹងរង់ចាំបង្កើនបន្ថែមទៀតនូវវិស័យបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍របស់ប្រទេសកម្ពុជា ជាមួយអ្នកដែលមានទេពកោសល្យទាំងនេះ ព្រមទាំង អ្នកដែលមានទេពកោសល្យ ដែលចេញពីកម្មវិធី SmartEdu USDP នាឆ្នាំក្រោយទៀត។”

បេក្ខជនដែលមកពីសាកលវិទ្យាល័យចំនួន ១៤ នៅទូទាំងប្រទេសកម្ពុជា ត្រូវបានជម្រុះយកចំនួន៤៨ នាក់ ដែលក្នុងមួយក្រុមមានបេក្ខជនចំនួន ៦ នាក់។ បន្ទាប់មក ក្រុមទាំងនោះបានចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលនៅ សណ្ឋាគារសុខាក្នុងខេត្តសៀមរាប ជាកន្លែងដែលពួកគេ បានទទួលការបំពាក់បំប៉នផ្នែកទ្រឹស្ដី ផ្នែកពិសោធន៍ ឱកាសអភិវឌ្ឍបុគ្គល ដើម្បីអភិវឌ្ឍជំនាញទំនាក់ទំនង គំនិតច្នៃប្រឌិត និង ជំនាញត្រិះរិះពិចារណា ក៏ដូចជាជំនាញគ្រប់គ្រងអារម្មណ៍ផងដែរ។ បេក្ខជនបានចូលរួមក្នុងការប្រកួតប្រជែង សិក្ខាសាលា និងការពិសោធន៏ជាច្រើន ទាក់ទងទៅនឹងអាជីវកម្មបែបឌីជីថល ដោយពួកគេត្រូវបានជម្រុញឲ្យបញ្ចេញសមត្ថភាពអោយអស់ និង ផ្ដល់មតិយោបល់ដល់គ្នាទៅវិញទៅមក។

កញ្ញា កែវ ព្រីយ៉ានិត្យ ដែលបេក្ខជនមួយរូបមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា កម្មវិធីបណ្ដុះបណ្ដាលនេះគឺជាបទពិសោធន៍ដំបូងសម្រាប់ពួកយើងភាគច្រើន ហើយវាមានសារៈសំខាន់ណាស់ក្នុងការរៀបចំនិស្សិតសម្រាប់វគ្គផ្ដាច់ព្រាត់។ព្រីយ៉ានិត្យបានមានប្រាប់ថា៖”កម្មវិធីបណ្ដុះបណ្ដាលរយៈ១៣ថ្ងៃនេះគឺមានការមមាញឹកហើយហត់នឿយមែន ប៉ុន្តែខ្ញុំបានរៀនសូត្រច្រើនអំពីខ្លួនឯង អំពីមិត្តរួមក្រុម និងភាពជាអ្នកដឹកនាំលើអាជីវកម្ម។ ខ្ញុំសូមថ្លែងអំណរគុណដល់គណៈកម្មការដែលបានជ្រើសរើសខ្ញុំ ឲ្យចូលរួមក្នុងកម្មវិធីដ៍កម្រនេះ ដើម្បីបានរៀនសូត្រអំពីជំនាញជាច្រើនក្នុងរយៈពេលដ៏ខ្លីនេះ។ ខ្ញុំនឹងយកចំណេះដឹងនិងបទពិសោធន៍ទាំងនេះ ទៅប្រើនៅក្នុងការសិក្សានិងការងាររបស់ខ្ញុំផ្ទាល់ ទៅថ្ងៃមុខ”៕ វឌ្ឍនា


ចែករំលែក៖