ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២ ខែ ធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចក្រុងសៀមរាប អះអាងថា បុរសម្នាក់ដែលប្រទះឃើញស្លាប់នៅទក្សិណអង្គរ ពិតជាស្លាប់ដោយសារលង់ទឹក។
តាមការបញ្ចាក់របស់ លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ថាមាន បុរសម្នាក់បានលង់ទឹកស្លាប់ នៅទក្សិណអង្គរ ស្ថិតនៅក្រុមទី៣៤ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាបកាលពីវេលាម៉ោង ១៤និង៣០នាទី នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨រួចមក លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌក្រុង សហការជាមួយកម្លាំងវិទ្យាសាស្រ្តបច្ចេកទេស បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃើញសាកសពបុរសម្នាក់ប្រាកដមែន ប៉ុន្តែមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ គ្រាន់តែគេតែងហៅឈ្មោះថា បង មានអាយុប្រមាណជា ៣៦ឆ្នាំ និង ពុំមានទីកន្លែងស្នាក់នៅពិតប្រាកដឡើយ ។
លោកបានឲ្យដឹងទៀតថា តាមការសាកសួរ និងស្រាវជ្រាវពីប្រជាពលរដ្ឋនិងកម្លាំងនគរបាលប្រចាំនៅតំបន់អង្គរ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានសតិមិនប្រក្រតី និងមានអាការៈស្រវឹងស្រាជាប្រចាំ ហើយតែងតែដើរពាសពេញ និងយករបស់របរប្រជាពលរដ្ឋដែលលក់នៅក្នុងតំបន់អង្គរ ប៉ុន្តែប្រជាពលរដ្ឋក៏មិនបានធ្វើអ្វីចំពោះជនរងគ្រោះឡើយ ដោយយល់ទៅសតិមិនប្រក្រតីរបស់គាត់ ។
ក្រោយពីធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ ឃើញថា ជនរងគ្រោះមិនមានពាក់ព័ន្ធទៅនឹងរឿងឃាតកម្មនោះទេ គឺជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយសាកសពត្រូវបានកម្លាំងនគរបាលយកទៅតម្កល់ទុកនៅវត្តប្រាសាទគោកចក ស្ថិតក្នុងក្រុងសៀមរាប ព្រមទាំងបាននឹងកំពុងធ្វើការស្រាវជ្រាវរកក្រុមគ្រួសារនៃសពដើម្បីចាត់ចែងធ្វើបុណ្យ ៕ ប៊ុនរិទ្ធី