ខេត្តកំពង់ស្ពឺៈ កម្លាំងមូលដ្ឋានស្រុកភ្នំស្រួច សហការជាមួយក្រុមអន្គរាគមន៍បង្ក្រាបសត្វព្រៃចល័ត របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ប៉ុស្តិ៍រដ្ឋបាលឃុំអូរ ដឹកនាំដោយលោកស្រី ចាត សូរស្មី ព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឆ្មក់ចូលឆែកឆេរទីតាំងលក់សត្វព្រៃមួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នៅក្នុងប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ តាមដីកាអនុញ្ញាតឲ្យឆែកឆេរលេខ១១៤៨០(ក) ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលម្ចាស់ទីតាំងឈ្មោះ ប្រាក់ សុភាស់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
កម្លាំងសមត្ថកិច្ចជំនាញរកឃើញ អណ្តើកសកលរស់ ចំនួន២ក្បាល ទម្ងន់១៧គីឡូក្រាម, កន្ធាយអាស៊ីរស់ ចំនួន១៥ក្បាល ទម្ងន់២៦,៨០គីឡូក្រាម, ពស់ថ្លាន់ប្រភេទតូចរស់ ចំនួន១ក្បាល ទម្ងន់១០,៥០គីឡូក្រាម, អណ្តើកភ្នំរស់ ចំនួន១ក្បាល ទម្ងន់០,៨០គីឡូក្រាម, អណ្តើកសោមញីរស់ ចំនួន៣ក្បាល ទម្ងន់១,២០គីឡូក្រាម, សាច់ជ្រូកព្រៃស្រស់ ចំនួន១៦គីឡូក្រាម, សាច់ឈ្លូសស្រស់ ចំនួន៦,៥០គីឡូក្រាម, សំពោចក្រអូបងាប់ ចំនួន៤ក្បាល ទម្ងន់៨,៥០គីឡូក្រាម និងក្រចកខ្លាឃ្មុំតូចក្រៀម ចំនួន១៤គូ ។
បច្ចុប្បន្នវត្តុតាងជាសត្វរស់ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ ជាអ្នកទទួលខុសត្រូវថែទាំ និងធ្វើការដោះលែងនៅព្រៃបឹងឲ្យមានសុវត្ថិភាព។ ចំណែកវត្ថុតាងសំណាកសត្វព្រៃ ក្រុមការងារនឹងធ្វើការដុតបំផ្លាញចោល តាមបញ្ជាលោកស្រី ព្រះរាជអាជ្ញាផងដែរ ៕