ភ្នំពេញ៖ ពិជាមិនសរសើរមិនបានសម្រាប់ទឹកចិត្ត សិល្បករពីររូប គឺតារាសម្តែងស្រីសាច់ខ្ចីកញ្ញា ស៊ីន យូប៊ីន និងតារាចម្រៀងប្រុសស្រស់សង្ហារ លោក ជ័យ សុវ៉ាត។ គួរសរសើរគឺក្រោយពីតារាទាំងពីដួងនេះបានប្រកាសយកទឹកប្រាក់មួយចំណែកដែលបានរាល់ពីការងារសិល្បៈជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផាដែលព្យាបាលជំងឺកុមារនៅកម្ពុជាដោយមិនគិតថ្លៃនោះ។
តារាសម្តែងស្រី ស៊ីន យូប៊ីបានប្រកាសបញ្ជាក់ថា នាងនឹងកាត់ទឹកប្រាក់ ៣០ ភាគរយ នៃប្រាក់ចំណូលរបស់ខ្លួនដែលរកបានពីសិល្បៈនោះ ទៅឱ្យមន្ទីរ «ពេទ្យគន្ធបុប្ផា» ដើម្បីជាផ្នែកមួយក្នុងការរួមចំណែកជួយដល់កុមារកម្ពុជា ។ការប្រកាសនេះក៏ធ្វើឡើងក្រោយពីតារាស្រីរូបនេះបានចំណាយថវិកាផ្ទាល់ខ្លួនមួយចំនួនទិញសម្ភារៈសិក្សាជូនដល់សិស្សសាលាបឋមសិក្សា២៧សែនជ័យ នាស្រុកឆ្លូងខេត្តក្រចេះនោះ។ នាងទទួលបានការកោតសរសើរខ្លាំងពីអ្នកគាំទ្រថាជាតារាស្រីដែលមានទឹកចិត្ត និងឆន្ទៈបន្តជួយដល់កិច្ចការងារសង្គម។
ទន្ទឹមគ្នានេះ តារាចម្រៀងជ័យ សុវ៉ាត ក៏បានប្រកាសពីផែនការជួយដល់កិច្ចការងារសង្គមផងដែរ ពិសេសការជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា។
តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ រូបនេះ ប្រកាសថា នឹង ចូលរួមឧបត្ថម្ភប្រាក់ចំនួន ៥០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ រយៈពេល ៥ ឆ្នាំដល់មន្ទីរពេទ្យខាងលើ ។ ជ័យ សុវ៉ាត នៅបញ្ជាក់ទៀតថា លោកនឹងបន្តឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផាបន្តទៀត បើសិនជាលោកនៅតែរកចំណូលបានពីសិល្បៈ ។លោកថា”ខ្ញុំសប្បាយចិត្តនិងជួយកុមារកម្ពុជា កុមារជាទំពាំងស្នងជាតិ កុមារជាបេះដូងនិងសរសរទ្រូងរបស់ប្រទេសជាតិយើង បើខ្ញុំរកបានច្រើនខ្ញុំនិងជួយលើសនេះបន្តទៀត”។
គួរបញ្ជាក់ផងដែរថា ក្រៅពីតារាសម្តែងខាងលើកន្លងមក ក៏មានសិល្បករជាច្រើនបានចូលរួមសកម្មភាពនានា ប្រយោជន៍ជួយដល់សកម្មភាពព្យាបាលជំងឺរបស់កុមារកម្ពុជាដោយមិនគិតថ្លៃពីសំណាក់មន្ទីរពេទ្យគន្ធបុប្ផា៕ វឌ្ឍនា