ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មាន​រសើប​ ! តុលាការ ស្នើឱ្យស្រង់ស្ថិតិបន្ទាន់ អំពីភាពមិនប្រក្រតីមួយចំនួនដែលកើតមានឡើងក្នុងពន្ធនាគារ​

ចែករំលែក៖

ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាន បង្គាប់មកប្រធានមណ្ឌលអប់រំកែប្រែទី១ និង ទី២ នៃក្រសួងមហាផ្ទៃ និង ប្រធានពន្ធនាគាររាជធានីភ្នំពេញ ស្រង់ស្ថិតិបន្ទាន់ពាក់ព័ន្ធនឹងជនត្រូវចោទ និង ជនជាប់ចោទ ដែលបានឃុំខ្លួនហួសថិរវេលា ៣ខែ ៦ខែ និង ១២ខែ ។

ស្រង់ទិន្នន័យបន្ទាន់ ពាក់ព័ន្ឋពិរុទ្ធជននិងទណ្ឌិត ដែលមានតែសម្រង់សាលក្រម។ ស្រង់ទិន្នន័យបន្ទាន់ពាក់ព័ន្ធពិរុទ្ធ​ជននិង ទណ្ឌិតដែលមានសាលក្រម ឬសាលដីកា ដែលមិនទាន់ចូលជាស្ថាពរ និងស្រង់ទិន្ន័យបន្ទាន់ពាក់ព័ន្ឋនឹងជនជាប់ឃុំទាំង៤ប្រភេទគឺជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និង ទណ្ឌិតដែលគ្មានឯកសារបញ្ជាក់ច្បាស់លាស់។

ប្រភពព័ត៌មានពីពន្ធនាគារបានបញ្ជាក់សេចក្តីបង្គាប់នេះតម្រូវឲ្យលោកប្រធានមណ្ឌលអប់រំកែប្រែទាំង២ និងប្រធានពន្ឋនាគាររាជធានីភ្នំពេញត្រូវស្រង់ទិន្នន័យទាំងអស់និងធ្វើរបាយការណ៍លំអិតដាច់ដោយឡែកពីគ្នាតាមករណីនីមួយៗ រួចផ្ញើលទ្ឋផលមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អោយបានមុនថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ជាកំហិត ដើម្បីដាក់ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជួយមានវិធានការណ៍និងរកដំណោះស្រាយបញ្ហាទាំងអស់អោយទាន់ពេលវេលា និងមានប្រសិទិ្ឋភាពបំផុតតាមច្បាប់កំណត់។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ នៅថ្ងៃទី៧ ខែធ្នូ នេះថា លោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះធ្វើអធិការកិច្ច នៅមណ្ឌលអប់រំកែប្រែទី១ និងនៅពន្ធនាគាររាជធានីភ្នំពេញប៉េហ្ស៊ី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ និងនៅមណ្ឌលអប់រំកែប្រែទី២នៅ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ។

ប្រភពព័ត៌មាន បន្តថា ការចុះធ្វើអធិការកិច្ចមើល ឃើញថា មានបញ្ហាស្មុគស្មាញ និង បញ្ហាប្រឈមជាច្រើនដែលបានកើតឡើងជាយូរមកហើយ ហើយត្រូវការដោះស្រាយបញ្ហាទាំងអស់នេះជាបន្ទាន់ ។ ក្នុងនោះរកឃើញជាក់ស្ដែងមានជនត្រូវចោទ និង ជនជាប់ចោទ ដែលបានឃុំខ្លួនហួសថិរវេលា ៣ខែ ៦ខែ ១២ខែ ព្រមទាំងមានពិរុទ្ធជននិងទណ្ឌិត ដែលមានតែសម្រង់សាលក្រម , សាលក្រម និង សាលដីកាដែលពុំទាន់បានចូលជាស្ថាពរនៅឡើយ ។

លើសពីនេះទៅទៀត រកឃើញជាក់ស្ដែងនូវជនជាប់ឃុំទាំង៤ប្រភេទរួមមាន ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និង ទណ្ឌិត ត្រូវបានឃុំខ្លួនរហូតមកដល់សព្វថ្ងៃគ្មានឯកសារបញ្ជាក់ច្បាស់លាស់ ដែលបញ្ហានេះ គឺ ជាការបង្ខាំងមនុស្សខុសច្បាប់ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងនិងត្រូវផ្តន្ទាទោសតាមមាត្រា២៥៣នៃក្រមព្រហ្មទណ្ឌ ។

ប្រភពព័ត៌មានបន្តទៀតថា ដើម្បីអនុវត្តឱ្យបានសម្រេចដាច់ខាតតាមផែនការរបស់រាជរដ្ឋាភិបាល ស្តីពីកំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការ ព្រមទាំងលុបបំបាត់ឱ្យបានទាំងស្រុងនូវការឃុំខ្លួនហួសថិរវេលា , លុបឱ្យបានទាំងស្រុងនូវការចេញសម្រង់សាលក្រមដែលក្រមនីតិវិធីព្រហ្មទណ្ឌបានចូលជាធរមាន និង ប្រកាសឱ្យប្រើតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ ។ ក្រោយការប្រកាសសាលក្រមរួច ច្បាប់បានកំណត់ត្រូវចេញសាលក្រមក្នុងរយៈពេលយ៉ាងយូរ៨ថ្ងៃ ឱ្យមកពន្ធនាគារដើម្បីអនុវត្តជាប្រយោជន៍ទូទៅដល់ទណ្ឌិតក្នុងការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស​តាមច្បាប់ស្តីពីពន្ធនាគារ និង ដើម្បីដោះស្រាយនូវបញ្ហាប្រឈម ក៏ដូចជារក្សាបាននូវសន្តិសុខ សុវត្ថិភាព សុខុមាលភាព ជនជាប់ឃុំ ពិសេសដើម្បីអនុវត្តស្របតាមបទដ្ឋានគតិយុត្តជាតិ និង អន្តរជាតិ ព្រមទាំងបញ្ជៀសឱ្យបានទាំងស្រុង នូវភាពចង្អៀតណែនក្នុងពន្ធនាគាររបស់ជនជាប់ឃុំទាំង៤ប្រភេទស្ទើរគ្រប់ពន្ធនាគារទូទាំងប្រទេស ៕ ចេស្តា


ចែករំលែក៖