ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ វង្ស ពិសេន បើកកិច្ចប្រជុំអនុគណៈកម្មការ ដើម្បីត្រួតពិនិត្យផែនការរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយនយោបាយឈ្នះ-ឈ្នះ

ចែករំលែក៖

ភ្នំពេញ៖ លោករដ្ឋមន្ត្រី យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានអនុគណៈកម្មការសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយនយោបាយឈ្នះ-ឈ្នះបានបើកកិច្ចប្រជុំអនុគណៈកម្មការ ដើម្បីត្រួតពិនិត្យផែនការរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយនយោបាយឈ្នះ-ឈ្នះ និងអបអរសាទរខួបលើកទី២០នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តន៍ប្រកបដោយជោគជ័យនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោង ៨:៣០នាទីព្រឹកថ្ងៃសុក្រ ១៥រោច ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ។

ក្នុងពិធីប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្ដមសេនីយ៍ និងឧត្ដមសេនីយ៍ ជាច្រើនរូបទៀតដែលជាតំណាង និងជាមេបញ្ជាការដែលអញ្ជើញមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ, បញ្ជាការដ្ឋានអង្គរក្ស, បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ស្នងការដ្ឋានរាជធានីភ្នំពេញ រួមទាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាអនុប្រធាន និងសមាជិកនៃអនុគណៈកម្មការ។

គួរំលឹកថា៖ វិមានឈ្នះ-ឈ្នះ គឺជានិម្មិតរូបនៃសុខសន្តិភាពរបស់កម្ពុជា ហើយក៏ជាតឹកតាងដែលលេចចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ហើយវិមាននេះនឹងសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ៕ សហការី

 


ចែករំលែក៖