ចៅក្រម John Gibb Carsley នៅតុលាការខេត្ត British Columbia ប្រទេសកាណាដា បានបញ្ជាក់ថា លោកស្រី Meng Wanzhou ចាំបាច់ត្រូវតែបញ្ជូនទៅកាន់អាមេរិក ដោយអាមេរិក បានចោទប្រកាន់ ថា ក្រុមហ៊ុននេះ មានទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុន Skycom ហើយលោកស្រី Meng បានព្យាយាម លាក់បាំង រឿងនេះ ។ ទំនាក់ទំនងរកស៊ីខាងលើ មានតាំងពីឆ្នាំ២០១៣ ជាការបំពានច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក ។
លោក Gibb Carsley បាន និយាយថា មុនពេលបញ្ជូនទៅកាន់អាមេរិក លោកស្រី Meng ចាំបាច់ត្រូវតែឃុំខ្លួន នៅក្នុង មន្ទីរឃុំឃាំងនៅក្នុងប្រទេស កាណាដា ដោយលោកស្រី អាច នឹងរត់ទៅកាន់ប្រទេសចិន ។ ឪពុករបស់លោកស្រី Meng Wanzhou អ្នកបង្កើតក្រុមហ៊ុន Huawei មានទ្រព្យសម្បត្តិ សរុប ជាង៣,២ពាន់លានដុល្លារ ។ ចៅក្រម Gibb Carsley បានបញ្ជាក់ថា ប្រសិនបើមានការធានាឲ្យនៅក្រៅឃុំលោកស្រី Meng ប្រាកដជាភៀសខ្លួនទៅកាន់ប្រទេសចិន ។
លោកស្រី Meng Wanzhou ត្រូវបានចាប់ខ្លួននៅក្នុងអាកាសយានដ្ឋាន អន្តរជាតិ Vancouver កាលពីថ្ងៃទី១ ខែធ្នូ ពេលកំពុងរង់ចាំ តភ្ជាប់ជើងហោះហើរ ទៅកាន់ប្រទេស ម៉ិចស៊ីកូ ។ ចំណែកមេធាវីរបស់លោកស្រី Meng គឺលោក David J . Martin បានបញ្ជាក់ថា ជាមួយនឹងតួនាទីរបស់លោកស្រី Meng គឺអាចធានាឲ្យនៅក្រៅឃុំបាន ។ លោកបន្តទៀតថា កូនក្តីរបស់លោក យល់ព្រមឲ្យដាក់ឧបករណ៍តាមដាន និងកម្លាំងសន្តិសុខអាចតាមដានលោកស្រី គ្រប់ពេល ។ លោកស្រី អាច បង់ប្រាក់មួយចំនួនធំដើម្បីធានានៅក្រៅឃុំ ។ បច្ចុប្បន្ន លោកស្រីមានផ្ទះ២ខ្នង នៅ Vancouver ប្រទេសកាណាដា មានតម្លៃ ប្រមាណ១៤លានដុល្លារ ៕ ម៉ែវ សាធី