ព័ត៌មានទាន់ហេតុការណ៍៖

កសាងសំណុំរឿងទៅតុលាការចំពោះស្ថានីយប្រេងឥន្ធនៈ៣កន្លែងនៅខេត្តបាត់ដំបងលក់ប្រេងមិនគ្រប់ចំណុះ

ចែករំលែក៖

ខេត្តបាត់ដំបង: ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៣ កន្លែង ស្ថិតក្នុងខេត្តបាត់ដំបង ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការឲ្យចាត់ការតាមច្បាប់ បន្ទាប់ពីមន្ត្រីជំនាញទាំងនោះបានរកឃើញភាពមិនអនុលោមជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងការចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយចំនួន ៩ កន្លែង នៅក្នុងខេត្តបាត់ដំបង ។ នេះបើយោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹង នៅ ថ្ងៃ សុក្រ ១៥រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូទាំង ៩ កន្លែងផងដែរ ហើយជាលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញថា

+++ ស្ថានីយ/ដេប៉ូចំនួន ៥ មិនមានអនុលោមភាពផ្នែកបរិមាណ រួមមាន៖

១.ដេប៉ូ SOKIMEX ឆៃ លី ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំ អន្លង់វិល ស្រុកសង្កែ

២.ដេប៉ូ តេលា ហេង ឆៃលី ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំ អន្លង់វិល ស្រុកសង្កែ

៣.ដេប៉ូ តេលា ទួល ចារ ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំ អន្លង់វិល ស្រុកសង្កែ

៤.ស្ថានីយ សូគីម៉ិច ស៊ុន ឃីម ស្ថិតនៅឃុំចំការឫស្សី ស្រុកព្រែកព្រះស្តេច

៥.ស្ថានីយ តេលា ផ្លូវបំបែកប៉ៃលិន ឃុំវត្តគរ ក្រុងបាត់ដំបង

+++ ស្ថានីយ/ដេប៉ូចំនួន ០២ មិនមានអនុលោមភាពទាំងផ្នែកបរិមាណ និងគុណភាព៖

១.ដេប៉ូ LHR ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំ អន្លង់វិល ស្រុកសង្កែ

២.ស្ថានីយ សាវីម៉ិច រ៉ុង ប៉ុក ឃុំដំណាក់ហ្លួង ក្រុងបាត់ដំបង។នៅពេលនោះមន្ត្រីជំនាញបានឲ្យម្ចាស់ស្ថានីយ/ដេប៉ូចំនួន ៤ កន្លែងធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមលើកទី១ ។

ដោយឡែកស្ថានីយ/ដេប៉ូចំនួន ០៣ កន្លែងទៀត មានដូចជា៖

១.ស្ថានីយ សូគីម៉ិច ស៊ុន ឃីម ស្ថិតនៅឃុំចំការឫស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង

២.ស្ថានីយ សាវីម៉ិច រ៉ុង ប៉ុក ឃុំដំណាក់ហ្លួង ក្រុងបាត់ដំបង

៣.ស្ថានីយ តេលា ផ្លូវបំបែកប៉ៃលិន ឃុំវត្តគរ ក្រុងបាត់ដំបង ត្រូវបានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ចែងតាមនីតិវិធី ក្រោយត្រូវបានរកឃើញភាពមិនអនុលោមជាលើកទី២ហើយ។ ចំពោះតម្លៃលក់រាយមានស្ថានីយ/ដេប៉ូ ៤ ផ្សេងទៀតដែលបានលក់ប្រេងមានតម្លៃខ្ពស់ជាងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កំពុងទទួលការព្រមាន ៕ ប្រាថ្នា


ចែករំលែក៖