ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យមានការជួបជុំ និង រៀបចំពិធីនៅទីលានប្រជាធិបតេយ្យ ដោយពុំមានការដង្ហែក្បួនតាមផ្លូវសាធារណៈឡើយ ។ ក្នុងករណីនៅតែធ្វើការជួបជុំខុសពីទីតាំងដែលបានអនុញ្ញាតជូន បណ្តាលឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ តំណាងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន ។
លិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទើបត្រូវបានផ្សព្វផ្សាយនៅយប់ថ្ងៃទី៩ ខែធ្នូ នេះ គឺ បានជម្រាបមក តំណាងសមាគម បណ្តាញសហព័ន្ធសហជីព និង អង្គការក្រៅរដ្ឋាភិបាល ជុំវិញការស្នើសុំជួបជុំមនុស្ស១,០០០នាក់ នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) រួចដង្ហែក្បួនទៅទីលានប្រជាធិបតេយ្យ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ៕ចេស្តា