ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណៈប្រតិភូកម្ពុជា បន្តដំណើរ
ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទៅចូលរួម សន្និសីទអន្តរជាតិ ស្តីអំពីសាមគ្គីភាពឥស្លាម គ្រោះថ្នាក់នៃការលាបពណ៌ និងអបរិយាបណ្ណ ក្រោមការរៀបចំរបស់អង្គការសម្ព័ន្ធឥស្លាមពិភពលោក (Rabita)ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី១២ និង១៣ ខែធ្នូ ឆ្នាំ២០១៨នៅទីក្រុងម៉ាក្កះ។ ក្រោយពីបញ្ចប់បេសកកម្មដ៏ជោគជ័យរយៈពេល៣ថ្ងៃក្នុងកិច្ចប្រជុំសមា គមបញ្ញវ័ន្តមុស្លីមអាស៊ាន(ICMA)នៅទីក្រុងLampung ប្រទេសឥណ្ឌូណេស៊ីរួចមក ។
លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃចន្ទ៣រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក.ស២៥៦២ត្រូវនិងថ្ងៃទី១០ធ្នូ ឆ្នាំ២០១៨នេះថា៖ ឆ្លៀតក្នុងឱកាសនោះដែរ នៅថ្ងៃទី១១ ខែធ្នូ មុនចូលរួមសន្និសីទ លោក នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកSheikh Abdullatif bin Abdulaziz Al-Sheikh រដ្ឋមន្រ្តីក្រសួងកិច្ចការសាសនា អារ៉ាប៊ីសាអូឌីត នៅទីក្រុងរីយ៉ាដ ដើម្បីពង្រឹងនិងពង្រីកការទំនាក់ទំនង ក្នុងក្របខណ្ឌ័ កិច្ចសហ ប្រតិបត្តិការ ជាពិសេសការជម្រាបអំពីគោលនយោបាយសុខដុមបនីយកម្ម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលផ្តល់សិទ្ធិសេរីភាព និងភាពកក់ក្តៅទៅកាន់គ្រប់បរិស័ទនានា បានរួមរស់ក្រោមម្លប់សន្តិភាព នៃព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា៖ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកនឹងអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក Dr. Yousef bin Ahamad Al Othaimeen អគ្គលេខាធិការសហប្រតិបត្តិការឥស្លាម (OIC) ជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ ដែលអង្គការនេះ មានសមាជិកជាប្រទេសឥស្លាម៥៧ប្រទេស ។
លោកក៏បានបញ្ជាក់អំពីគោលបំណងនៃជំនួបនេះថា គឺយើងជួបដើម្បីពង្រឹង និងពង្រីក កិច្ចទំនាក់ទំនង ការពិភាក្សាអំពីគម្រោងរបស់អង្គការនេះ ដែលសំណើសហការ រៀបចំសន្និសីទអន្តរជាតិសុខដុមបនីយកម្មអន្តរសាសនានៅកម្ពុជា នៅប៉ុន្មានខែខាងមុខ គឺដើមឆ្នាំ២០១៩ ក៏ដូចជាករណីសំណើសុំបញ្ចូលកម្ពុជាជាសមាជិកអ្នកអង្កេតការណ៍របស់អង្គការនេះផងដែរ ៕ សំរិត