ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងហ្គេមបាញ់ត្រីខុសច្បាប់ចំនួន១២នាក់ ក្នុងនោះមានស្រី២នាក់ រួមជាមួយទូហ្គេមបាញ់ត្រីចំនួន២ទូ និងសម្ភារៈមួយចំនួន ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះបង្ក្រាបនិងឃាត់ខ្លួន នៅវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចច្រមុះជ្រូកក្បាលថ្នាល់ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្នុងរង្វង់ប្រតិបត្តិការណ៍ខាងលើនេះ គឺមានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលផ្សារដើមថ្កូវ ធ្វើការចុះបង្ក្រាបករណីខាងលើរហូតឃាត់ខ្លួនអ្នកញៀនល្បែងសុីសងខុសច្បាប់នេះបានចំនួន១២នាក់ ក្នុងនោះមានស្រី២នាក់ ហើយពួកគេទាំងនេះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រមទាំងរួមជាមួយវត្ថុតាងចាប់យករួមមាន៖ ទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន២ទូ ,កៅអី,តង្ហាល និងសម្ភារៈមួយចំនួនទៀត ។
ក្រោយពីបញ្ចប់កិច្ចប្រតិបត្តិការណ៍ខាងលើនេះ កម្លាំងនគរបាលប៉ុស្ដិ៍ផ្សារដើមថ្កូវ បានប្រគល់ក្រុមអ្នកញៀនល្បែងខុសច្បាប់ទាំង១២នាក់ និងវត្ថុតាងខាងលើ ឲ្យទៅកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ