ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បែកក្បាលសន្លប់ស្តូកត្រូវនគរបាលប្រទះឃើញលើទ្រូងផ្លូវនៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសចំណាស់ម្នាក់ពុំដឹងជាជួបគ្រោះថ្នាក់ចរាចរណ៍អ្វីបុកនោះទេ ដួលសន្លប់បែកក្បាលនៅនៅលើទ្រូងផ្លូវ ត្រូវនគរបាលប្រទះឃើញខណៈចុះល្បាតក្នុងភូមិសាស្រ្ដ ។ ករណីខាងលើនេះ បានកើតឡើងនៅ១៨និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ លើកកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដោយដឹងថា ជនរងគ្រោះពុំទាន់ស្គាល់អត្ដសញ្ញាណ ភេទប្រុស អាយុប្រហែល៥០ឆ្នាំ មានរងរបួសបែកក្បាលខាងក្រោយ និងបាក់ជើងខាងស្តាំ ។

ប្រភពដដែលបន្ដថា នៅវេលាម៉ោងប្រមាណ៦រសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកតាទែន ចុះធ្វើការល្បាតក្នុងភូមិសាស្រ្ដរបស់ខ្លួន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះខាងលើដេកដួលនៅលើទ្រូងផ្លូវជាតិ ផ្នែកខាងលិច ដែលមានរងរបួសបែកក្បាលខាងក្រោយ និងបាក់ជើងខាងស្តាំ សន្លប់បាត់ស្មារតីមិនដឹងខ្លួនឡើយ ឃើញដូច្នោះនគរបាលប៉ុស្តិ៍រដ្ឋបាលក៏ធ្វើការទំនាក់ទំនងហៅរថយន្តសាមុយរបស់មន្ទីពេទ្យបង្អែកខណ្ឌព្រែកព្នៅ មកដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ។ រីឯយានពាក់ព័ន្ធករណីគ្រោះថ្នាក់ខាងលើនេះ សមត្ថកិច្ចពុំស្គាល់អត្តសញ្ញាណឡើយ ដោយនៅកន្លែងកើតហេតុ ពុំមានបន្សល់ទុកស្លាកស្នាម ឫបំណែកនៃយាននោះទេ ចំពោះករណីខាងលើនេះសមត្ថកិច្ចជំនាញកសាងសំណុំរឿងនិងធ្វើការស្រាវជ្រាវបន្ដទៀត ៕ ស្អាងជ័យ


ចែករំលែក៖