ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនពលរដ្ឋសុំភៀសខ្លួននៅអាមេរិក កើនឡើងទ្វេដងប្រៀបធៀបនឹងឆ្នាំ២០១៧

ចែករំលែក៖

តាមតួលេខរបស់នាយកដ្ឋានអន្តោប្រវេសន៍ និងការពារព្រំដែនអាមេរិក CBP បានបញ្ជាក់ថា ចំនួន ជនភៀសខ្លួនទៅកាន់អាមេរិក នៅក្នុងឆ្នាំ២០១៨នេះ កើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ២០១៧។

តាមរបាយការណ៍ CBP បានបញ្ជាក់ថា នៅក្នុងដំណាក់កាលឆ្នាំ២០១៨នេះ បានបញ្ចប់ទៅកាលពីខែកញ្ញា ដោយមាន ជនភៀសខ្លួនសុំសិទ្ធរស់នៅលើទឹកដីអាមេរិក មានរហូតដល់ទៅ៣៨.២៦៩នាក់ ដោយជនភៀសខ្លួនបានដាក់សំណើសុំនៅតាមបណ្តោយព្រំដែន ភាគខាងត្បូង អាមេរិក ។ កាលពីឆ្នាំ ២០១៧ មានជនភៀសខ្លួន សុំរស់នៅអាមេរិកមានតែ១៧.២៨៤នាក់ប៉ុណ្ណោះ ។ ចំណែកពលរដ្ឋដែលឆ្លងដែនខុសច្បាប់ចូលទៅកាន់អាមេរិក ក៏បានកើនឡើងពី៣៨.៣០០នាក់ ក្នុងឆ្នាំ២០១៧ កើនឡើងដល់៥៤.៦៩០នាក់នៅក្នុងឆ្នាំ២០១៨ ។

សារព័ត៌មាន USA Today បានដកស្រង់សម្តីមន្ត្រី CBP ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ចំនួនជនភៀសខ្លួន នៅតែបន្តកើនឡើង ដោយមានជនភៀសខ្លួនជាច្រើនទៀតសម្រុកចូលអាមេរិក ។ ជាមួយគ្នានោះ CBP ត្រូវបង្ខំឲ្យជនភៀសខ្លួន តម្រង់ជួរ រង់ចាំជាច្រើនថ្ងៃ ពេលខ្លះច្រើនសប្តាហ៍ នៅព្រំដែន ក្នុងទឹកដីម៉ិចស៊ីកូ ជាប់អាមេរិក រង់ចាំដាក់ពាក្យ និង សួរនាំ។ ការដែលយឺតយ៉ាវ ក្នុងការអនុញ្ញាតឲ្យជនភៀសខ្លួនចូលទៅអាមេរិកនោះ ដោយបញ្ហាសន្តិសុខ និងទប់ស្កាត់ ការជួញដូរគ្រឿងញៀន។

កន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាស កសាងជញ្ជាំង ព្រំដែនដើម្បីទប់ស្កាត់ជនភៀសខ្លួនពីម៉ិចស៊ីកូ ចូលក្នុងទឹកដីអាមេរិក ។ ប៉ុន្តែ ដោយសារតែបញ្ហាសន្តិសុខ សេដ្ឋកិច្ច បានបង្ខំចិត្តឲ្យពលរដ្ឋ មកពីតំបន់អាមេរិក ជាច្រើនទៀត សម្រុកចូលក្នុងទឹកដីអាមេរិក បើទោះបីមាន ការយាមល្បាតតឹងតែង យ៉ាងណាក្តី ៕ ម៉ែវ សាធី


ចែករំលែក៖