ខេត្តពោធិ៍សាត់៖ លោកតាវ័យ៦១ឆ្នាំម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបណ្ដាលឲ្យស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះបង្កឡើងដោយអ្នករថយន្តម៉ាក ហ៊ីណូ នៅគ្រាដែលលោកតារងគ្រោះកំពុងដើរលើចិញ្ចើមផ្លូវថ្នល់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ និង២៥នាទីល្ងាចថ្ងៃច័ន្ទ ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចទល់មុខមជ្ឍមមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តពោធិ៍សាត់ ស្ថិតនៅភូមិវត្តលួង សង្កាត់លលកស ក្រុង.ខេត្ត ពោធិ៍សាត់ ។
លោក អនុសេនីយ៍ឯក ឈឿន ឃឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលលលកសបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ឈ្មោះ អុក គឹមហ៊ន ភេទ ប្រុស អាយុ ៦១ឆ្នាំ ជនជាត់ខ្មែរ បច្ចុប្បន្នមានទីលំនៅភូមិ.សង្កាត់កើតហេតុខាងលើ។
លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលលលកសបន្តថា មុនដំបូងគេឃើញលោកតារងគ្រោះឆ្លងផ្លូវថ្នល់ពីត្បូងទៅជើង រួចដើរទៅទិសខាងលិចសំដៅតូបលក់ដូរគ្រានោះមានរថយន្ត ១គ្រឿងមកបុកពីក្រោយទាំងកម្រោលរួចកិនស្លាប់យ៉ាងរន្ធត់តែម្ដង អ្នកបើកបររថយន្តបង្កឃើញហេតុការណ៍បែបនេះបើកទ្វារចុះរត់គេចខ្លួនបាត់ស្រម៉ោល។
លោក បន្តទៀតថា រថយន្តបង្កហេតុម៉ាក ហុីណូ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3D 0571 បានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចំណែកជនរងគ្រោះ(ស្លាប់)បានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារសាច់ញាតិទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន