ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលជាមួយកូនក្មួយកម្មករ កម្មការិនី ១៧,៦២១នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រ សហគ្រាសទាំងនេះ មានរោងចក្រដែលវិនិយោគ មកពីប្រទេសចិនចំនួន១៨, កូរ៉េចំនួន៤ និងសិង្ហបុរីចំនួន១។ ក្នុងនោះមានរោងចក្រកាត់ដេរ សម្លៀក បំពាក់ចំនួន៧, ផលិតស្បែកជើងចំនួន៥, ផលិតកាបូបចំនួន៥, ផលិតសម្ភារៈធ្វើដំណើរចំនួន៣, ផលិតខ្សែរូតចំនួន១, ផលិតសំភារៈសម្រាប់ព្យួរសម្លៀកបំពាក់ចំនួន១ និងផលិតតង់ចំនួន១។ ផលិត ផលសម្រេចពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុង ប្រទេស។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែងដែលបានបន្តអញ្ជើញ ជួបកូនក្មួយកម្មករកម្មការិនីជាថ្មីម្តងទៀត នៅក្នុងខេត្តកំពង់ស្ពឺ។ សម្តេចតេជោបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅផងដែរចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រលាញ់ សម្តេចតេជោរហូតមក។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាតឲ្យកូនក្មួយ កម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ។ នេះគឺបានបង្ហាញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករ និងម្ចាស់រោងចក្រ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបាន ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងអាណត្តិទី៦ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ កន្លង ទៅនេះ ដែលបានចូលរួមក្នុងដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអរគុណផងដែរចំពោះប្រជាពលរដ្ឋ ក៏ដូចជាកូន ក្មួយកម្មករកម្មការិនីដែលបាន ចូលរួមថែរក្សាសន្តិភាព តាមរយៈការបោះឆ្នោតជូនដល់ គណបក្សប្រជាជនកម្ពុជា។ មានតែគណបក្ស ប្រជាជនកម្ពុជាតែ១គត់ ដែលមានសមត្ថិភាព គ្រប់គ្រាន់ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍ ប្រទេសឲ្យរីកចម្រើនទៅទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពីសក្តានុពល នៃផ្លូវជាតិលេខ៤ ដែលពេលនេះ មានរោងចក្រសហគ្រាជាច្រើន ដែលវិនិយោគពីបរទេស និងបានកំពុងផ្តល់ការងារដល់ពលរដ្ឋ កម្ពុជាជាច្រើនផងដែរ។បច្ចុប្បន្នការធ្វើដំណើរតាមផ្លូវជាតិលេខ៤នេះ ក៏មិនត្រូវបានបង់លុយ ដូចការពីមុនទៀតដោយរដ្ឋបានដកសិទ្ធិគ្រប់គ្រង់ផ្លូវជាតិលេខ៤ ពីក្រុមហ៊ុនឯកជនវិញ ដែលនេះជា ការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងងាយស្រួលសម្រាប់ អ្នកវិនិយោគ និងពាណិជ្ជករនៅតាមផ្លូវជាតិលេខ៤ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថានៅឆ្នាំ២០១៩ ខាងមុខនេះ ប្រាក់ខែរបស់កម្មករ កម្មការិនីនឹងតម្លើងដល់ ១៨២ ដុល្លារអាមេរិក។ ហើយត្រូវបានអនុវត្តបើកប្រាក់ប្រចាំអាទិត្យវិញគឺបើក២អាទិត្យម្តងៗ។ ជាមួយគ្នានេះផងដែរ សម្តេចជោនាយករដ្ឋមន្ត្រី ក៏បានស្នើរឲ្យក្រសួងការងារ និងវិជ្ជាជីវៈរកដំណោះ ស្រាយក្នុងការកំណត់ប្រាក់ខែចំពោះកម្មករផ្នែកសំណង់ និងសេវាកម្មករតាម ផ្ទះផងដែរ ពីព្រោះពួកគាត់ក៏ជាកម្មករដែរ។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យម្ចាស់រោងចក្រត្រូវមានការគោរពស្រលាញ់គិតគូ និងយកចិត្តទុក្ខដាក់ឲ្យបានដិតដល់ចំពោះកម្មករ ហើយកម្មករវិញត្រូវ ខិតខំបំពេញតួនាទី ការងារឲ្យ បានល្អត្រលប់ទៅវិញដើម្បីបង្កើតបានជាសាមគ្គីភាពរវាងម្ចាស់រោងចក្រនិងកម្មករ។ទន្ទឹមនឹងនេះម្ចាស់រោងចក្រត្រូវខិតខំកសាងបន្ថែមទៀតនូវអ្វីដែលខ្វះខាតនៅតាមរោងចក្រខ្លួនដូចជា គិលានដ្ឋាន កន្លែង ទទួលទានអាហារ ដើម្បីបង្កភាពងាយស្រួលដល់កម្មករពេល ទទួលទានអាហារ និងនៅពេលសង្រ្គោះ បន្ទាន់។ ទន្ទឹមនឹងនេះ សម្តេចតេជោ ចង់អោយរោងចក្រទាំងអស់ ដែលបានវិនិយោគនៅក្នុងប្រទេស កម្ពុជាគឺក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ។
ដើម្បីជំរុញការអនុវត្តការងារអោយមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្ត ដាក់ចេញ នូវអនុសាសន៍សំខាន់ៗ១០ចំណុចដូចខាងក្រោមៈ
១)ត្រូវអនុវត្តបើកប្រាក់ខែអប្បបរិមាដល់កម្មករក្នុងឆ្នាំ ២០១៨ គឺ ១៧០ ដុល្លារ បើក្រុមហ៊ុនផ្តល់ជូន កម្មករលើសនេះគឺរិតតែល្អប្រសើរ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩ ទៅ គឺប្រាក់ខែអប្បបរិមាកម្មករគឺ ១៨២ ដុល្លារសហរដ្ឋអាមេរិក។
២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្ម ការិនី រោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។
៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
៤)ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀលនិងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លី ខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។
៥)ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅ ឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការ ឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។
៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។
៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អ ប្រសើរ។
៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះ ស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់ក ម្មករ កម្មការិនីអោយបានឆាប់បំផុត។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពកម្មកក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការធានាដល់ សុវត្ថិភាព កម្មកររួមដំណើរក្នុងពេលបើកបរ។
១០)ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណាអោយកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅ ធ្វើការនៅប្រទេសគេ។ សូម្បីប្រទេសថៃក៏គេបញ្ជូនកម្មករទៅធធ្វើការនៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីនក៏បានបញ្ជូនពលរដ្ឋអោយទៅធ្វើការនៅបរទេសដូចជានៅកម្ពុជា និងនៅ សហរដ្ឋអាមេរិកជាដើម។ ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេ គឺមិនមែនជាការខ្មាសអៀនឬអាក្រក់អ្វីទេ។បច្ចុប្បនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងបានខិតខំស្វែករកទីផ្សាការងារក្រៅប្រទេសផងដែរដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឍឹមបូពា ដូចជាប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរឥស្លាមបានទៅធ្វើការនៅទីនោះ។កន្លងរាជរដ្ឋាភិបាលក៏បានជួយដោះស្រាយនឹងនាំយកកាន់ប្រទេសវិញចំពោះបងប្អូនកម្មករមួយវចំនួនដែលចាញ់បោកមេខ្យល់បោកយកទៅធ្វើការងារដោយខុសច្បាប់។
នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកសារជាថ្មីចំពោះសំណើដែលសម្តេចតេជោបានជំរុញឲ្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងយុត្តិធម៌ ពន្លឿននិងដោះស្រាយរឿងបណ្តឹងរបស់ក្រុមសហជីព ប៉ុន្តែ សម្តេចតេជោបានបញ្ជាក់បន្ថែមថា ការពន្លឿនដោះស្រាយពាក្យបណ្តឹងនោះ គឺមិនមែនមានន័យថាឲ្យបញ្ចប់រឿងក្តីទាំងនោះទេ។ អ្នកមាន ទោស គឺនៅតែមានទោស ព្រោះសំណុំរឿងនៅលើដៃតុលាការនៅឡើយ ជាពិសេសអ្នកដែលមាន ខ្លួនចូលរួមក្នុងបាតុកម្មនៅលើកផ្លូវវេងស្រេង កាលពីឆ្នាំ២០១៣ គឺនៅតែមានទោសដដែល។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាតាមការ ស្រាវជ្រាវបានឲ្យដឹងថា មានមនុស្ស៣នាក់ដែលមិនមានការជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះ គឺមាន ១)លោក អាត់ ធន ២)លោក ប៉ៅ ស៊ីណា និង ៣)លោក ជា មុន្នី។ ដូច្នេះអ្នកទាំង៣នាក់នេះអាចទៅស្រាវជ្រាវរកភស្តុ តាំងដើម្បីបង្ហាញទៅតុលាការ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និងនិយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (៦៨៩) នាក់ផងដែរ៕