ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះអស់១ខ្នងនៅសង្កាត់ផ្សារឆ្នាំង សង្ស័យទុស្សេខ្សែភ្លើង

ចែករំលែក៖

កំពង់ឆ្នាំងៈ ផ្ទះ១ខ្នងត្រូវបានអគ្គិភ័យ ឆេះស្ទើរទាំងស្រុង បន្ទាប់ពីម្ចាស់ផ្ទះបិទទ្វារទុកចោល ទៅលក់ឥវ៉ាន់នៅខាងក្រៅ ។ ហេតុការណ៍ភ្លើងឆេះផ្ទះប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោងជិត៥រសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅជិតវត្តយាយទេព ស្ថិតនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេមានឮសំឡេងផ្ទុះចេញពីផ្នែកខាងក្រោយក្នុងផ្ទះនេះ ក្រោយមក ក៏មានផ្សែងហុយត្រកួលឡើងទៅលើតែម្តង ក្រោយពេលហេតុការណ៍នេះភ្លាម ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យផងដែរ ។

ក្រោយពេលកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំនួន៣គ្រឿងបានចេញជួយអន្តរាគមន៍ ដោយមិនឲ្យភ្លើងឆេះរាលដាលទៅកន្លែងផ្សេងៗនោះទេ ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះថ្មដែលត្រូវអគ្គិភ័យឆេះនោះមានម្ចាស់ឈ្មោះ រស់ ចាន់ថាន ភេទស្រី អាយុ៥៨ឆ្នាំ ផ្ទះនេះ មានបណ្តោយប្រវែង ជិត២០ម៉ែត្រ ទទឹងជាង៨ម៉ែត្រ ។ បង្កឲ្យខូចខាតទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់ទាំងស្រុង ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តរកមូលហេតុពិតប្រាកដ ដោយឡែកចំពោះទំហំនៃការខូចខាតសមត្ថកិច្ចកំពុងប្រមូលព័ត៌មាន ៕ ចន្ថា

 


ចែករំលែក៖