ភ្នំពេញ ៖ នៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា សម្ពោធជាផ្លូវការនៅវិមាន ឈ្នះឈ្នះ និងប្រារព្ធពិធី អបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេច តេជោ ហ៊ុន សែន (១៩៩៨–២០១៨)ហើយ ហើយកម្មវិធីនេះ នឹងប្រព្រឹត្តទៅដោយភាពអធិកអធម្មបំផុតដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។
វិមាន ឈ្នះ ឈ្នះគឺជាសំណងនិមិត្តរូបតំណាងឲ្យវរៈភាពរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានហ៊ានលះបង់ជីវិតគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិទាំងមូល ហើយមិនតែប៉ុណ្ណោះវិមានដ៏ប្រវត្តិសាស្ត្រនេះ នឹងក្លាយ ទៅជាមរតកជាតិនិងសារមន្ទីរជាតិដ៏ធំសម្រាប់កម្ពុជា និងជាងនេះទៅទៀតសំណង់នេះ នឹងក្លាយទៅជានិក្ខេបទសម្រាប់នាយទាហានសកម្មជំនាន់ក្រោយផងដែរ។
សំណង់វិមាន ឈ្នះឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ ដោយទំហំដី៨ ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថវិកាដែលចំណាយសាងសង់នូវវិមាននេះគឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលដោយពុំទាក់ទងនឹងថវិការបស់រដ្ឋនោះឡើយ។
វិមាននេះ តំណាងឲ្យវរៈភាពរបស់សមមិត្តហ៊ុន សែនដែលហ៊ានប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។មួយវិញទៀតការសាងសង់វិមាន ឈ្នះឈ្នះ នេះគឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ហើយរួមទាំងជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក និងក៏ទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាការអន្តរក្រសួងនៃការសម្ពោធវិមាន ឈ្នះឈ្នះនេះ បានថ្លែងឲ្យដឹងថា ការសម្ពោធវិមាន ឈ្នះឈ្នះដែល នឹងប្រព្រឹត្តិទៅចំនួនបីថ្ងៃគឺចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ ប្រកបដោយអធិកធម្មបំផុតដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា ខណៈវិមាននេះប្រៀបបានដូចជាជង្រុកដ៏ធំមួយសម្រាប់ផ្ទុកនៅឯកសារសន្តិភាពរបស់កម្ពុជាទាំងមូលនោះ។ដោយឡែកសម្រាប់រចនាបទដែលបានឆ្លាក់ នៅក្នុងបរិវេណសំណង់វិមាននេះ គឺប្រកបដោយអត្ថន័យជ្រាលជ្រៅបំផុតដូចជាចម្លាក់សត្វដំរី. នាគ. ហង្ស.គ្រុឌ.តោ និងសត្វជាច្រើនទៀតរាប់រយផ្ទាំងហើយរូបសត្វទាំងនោះគឺសុទ្ធតែតាំងដោយមានស្លាប តំណាងឲ្យសត្វ ទិព្យ ដូចរូបចម្លាក់នៅព័ទ្ធជុំវិញ នៃប្រសាទសំបូរព្រៃ គុកយ៉ាងដូច្នេះដែរ៕