ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ទំនងជាស្រវឹងស្រា ​បើក​រថយន្ត​​បុក​​រថយន្ត​ស៊ិនទ្រី​ពី​ក្រោយ ​បណ្ដាលឱ្យកម្មករ​ប្រមូល​សំរាម​ម្នាក់ ​រងរបួស​ធ្ងន់

ចែករំលែក៖

ភ្នំពេញ:នារីម្នាក់ទំនងជាស្រវឹងស្រា ​បើក​រថយន្ត​ស៊េរី​ទំនើប ​ទៅ​បុក​​រថយន្តប្រមូលសំរាម​ស៊ិនទ្រី​ពី​ក្រោយ ​បណ្ដាលឱ្យកម្មករ​ប្រមូល​សំរាម​ម្នាក់ ​រងរបួស​ធ្ងន់ ហើយរថយន្តបង្កក្រឡាប់ជាច្រើតត្រឡប់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅម៉ោង​១រំលងអធ្រាត្រ​ឈានចូលថ្ងៃ​ទី​១៣ ខែ​ធ្នូ​ ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ​ស្ថិត​នៅ​ក្នុង​សង្កាត់​ឫស្សីកែវ ​ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

​​​សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្ត​ស៊ិ​ន​ទ្រីមាន​ឈ្មោះ​ ចិន​ ខ្លី​​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​ជួល​ ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ មុខរបរ​ បើកបរ​រថយន្ត​ស៊ិ​ន​ទ្រី​ ។​ ចំណែកអ្នកបើកបរ​​ ឈ្មោះ​គឹ​ម​ ស្រី​មុំ​​ អាយុ​៣៦​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​បុរី​វិមាន​ភ្នំពេញ​ សង្កាត់​ច្រាំង​ចំរេះ​១​ ខណ្ឌ​ឬ​ស្សី​កែវ​ មុខរបរ​អាជីវករ​

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ​ម៉ាក ​Land​ Cruiser​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AV-9595 ​បើក​បរ​ដោយ​ស្ត្រី​ម្នាក់​ ទំនងជាស្រវឹង​ស្រា​ ​ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ​ខណៈ​មក​ដល់​ចំណុច​ជិតស្ថានីយប្រេង​សូគីមិច ​រថយន្ត​​បាន​រេ​ចង្កូត​​ជ្រុល​ទៅ​បុក​​រថយន្ត​ស៊ិនទ្រី​ពីក្រោយ ដែល​កំពុង​ឈប់​ប្រមូល​សំរាម​ បណ្ដាយ​ឲ្យកម្មករ​​ស៊ិនទ្រី​ម្នាក់​ ​បោក​ផ្ទប់​ទៅ​នឹង​រថយន្ត​ រង​របួស​ធ្ងន់ រីឯ​រថយន្តបង្កក្រឡាប់ជាច្រើនត្រឡប់​ផ្ងារ​ជើង​ រង​ការ​ខូចខាត​រថយន្ត​ស្ទើរ​តែ​ទាំង​ស្រុង​ តែ​សំណាង​ល្អ​អ្នក​បើក​បរ​មិន​រងរបួស​ឡើយ​​។ អ្នក ​រងរបួស​ធ្ងន់ ​ត្រូវ​រថយន្ត​សង្គ្រោះ​បន្ទាន់​យក​ទៅ​សង្គ្រោះ​ នៅ​​មន្ទីរពេទ្យ​កាល់​ម៉ែត​។

បន្ទាប់ពីកើតហេតុ​សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរចារផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖