ព័ត៌មានទាន់ហេតុការណ៍៖

កាមរីគូថស្វិតបោលបុកមនុស្សកំពុងស្ថាបនាផ្លូវថ្នល់របួស ៥នាក់ នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សប្រុសចំនួន ៥នាក់បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើង ដោយអ្នកបើកបររថយន្តម៉ាក កាមរីគូថស្វិត រេចង្កូតមកបុក នៅគ្រាដែលជនរងរបួសកំពុងស្ថាបនាផ្លូវថ្នល់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១ និង៥០នាទី រសៀលថ្ងៃព្រហស្បត្តិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤.១៤៥ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យថា ហេតុការណ៍នេះបង្កឡើងដោយអ្នកបើកបររថយន្តម៉ាក តូយ៉ូតាកាមរីគូថស្វិត ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ង 9368 ភ.ព២ ឈ្មោះ ចែម ក្អែល ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតបុកមនុស្សកំពុងធ្វើផ្លូវថ្នល់ បណ្ដាលឲ្យរបួសធ្ងន់ស្រាលចំនួន ៥នាក់ និងខូចខាតម៉ូតូចំនួន ១គ្រឿងផងដែរ។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងរបួសទី១ ឈ្មោះ ទឹប លេខ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់)ទី២ ឈ្មោះ ឃឹម វណ្ណៈ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់) ទី៣ ឈ្មោះ សុខ ស្រីហេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់) ទី៤ ឈ្មោះ រស្មី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ(ស្រាល) និងទី៥ ឈ្មោះ សារ៉ុន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ(ស្រាល) បច្ចុប្បន្នអ្នកទាំង ៥នាក់រស់នៅភូមិ.ឃុំកើតហេតុ ចំណែកម៉ូតូរងការខូចខាតម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GP 5044។

ប្រភពដដែលបន្តទៀតថា ជនរងរបួសធ្ងន់ស្រាលទាំងចំនួន ៥នាក់បានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋានបាលស្រុកក្រគរ រង់ចាំវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖