ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធ៥គ្រាប់ ស្លាប់ទាំងប្តីប្រពន្ឋដោយសាររឿងប្រច័ណ្ឌ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កំហឹងភ្លើងប្រច័ណ្ឌ ធ្វើឲ្យប្ដីដាច់ចិត្តទាញកាំភ្លើងបាញ់ប្រហារជីវិតប្រពន្ឋ ស្លាប់ក្នុងថ្លុកឈាមរួចបាញ់សម្លាប់ខ្លួនឯងស្លាប់ជាក្រោយ ខណៈពេលប្រពន្ធត្រឡប់មកពីញាំការ ក៏ផ្ទុះរឿងជជែក ប្រកែកគ្នាមួយសន្ទុះ ក៏ផ្ទុះអាវុធចំនួន ៥ គ្រាប់បណ្តាលឲ្យពីរនាក់ប្តីប្រពន្ឋស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុង ថ្លុកឈាម បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទី យប់ ថ្ងៃទី ១៣ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅភូមិបាល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយជនដៃដល់ជាប្តីឈ្មោះ ហេង សុវណ្ណរា ហៅ ខ្លឹង អាយុ៤៧ឆ្នាំ បានបាញ់សម្លាប់ប្រពន្ឋឈ្មោះ ស៊ុន ពៅ អាយុ ៣៧ឆ្នាំ ចំឆ្អឹងខ្នង បន្ទាប់ពីប្រពន្ឋបានស្លាប់ ក៏បានបាញ់សៀតផ្កាខ្លួនឯង បណ្តាលឲ្យស្លាប់ទាំងពីរនាក់ ។ អ្នកទាំងពីរជាប្តីប្រពន្ឋនឹងគ្នា មានមុខរបរលក់បាយ និងលាងឡាន ។

ក្រោយពីកើតហេតុ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជាឲ្យលោក ឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ទទួលព្រហ្មទណ្ទកម្រិតធ្ងន់ នៃស្នងការនគរបាល ខេត្តកំពង់ធំ ដឹកនាំ កម្លាំងជំនាញចុះទៅកន្លែងកើតហេតុ ដោយមានកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន កងរាជអាវុធហត្ថខេត្ត និងបុស្តិ៍រដ្ឋបាលបាល័ង្គ រួមទាំងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យកោសល្យវិច័យ ក្រោយពីពិនិត្យរួចរាល់ បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ ប្តីប្រពន្ឋពិតជាមានជម្លោះរឿងស្នេហា ដោយខាងប្រុសប្រច័ណ្ឌខាងស្រី ទើបឈាន ដល់ការបាញ់សម្លាប់គ្នា ដោយអាវុធខ្លី ម៉ាកវុលរ៉ូវែ ចំនួន៥ គ្រាប់ ដោយអាវុធនេះ ជនដៃដល់បានលួចលាក់ទុក កាលពីសម័យធ្វើជាកងកម្លាំង ។

តាមការឲ្យដឹងពីសាច់ញាតិរបស់សាកសព ដែលត្រូវជាបងស្រីបង្កើតបានឲ្យដឹងថា ប្តីប្រពន្ឋនេះ ធ្លាប់ឈ្លោះ គ្នាជាច្រើនលើកច្រើនសារ ដោយមួយរយះកន្លងមកនេះ ប្តីរបស់ ស៊ុន ពៅ ធ្លាប់បានច្របាច់ក ប្រពន្ឋស្ទើរ ស្លាប់ម្តងរួចមកហើយ តែកាលនោះ មានបងប្អូនចូលទៅជួយទាន់ ហើយគាត់បានប្រាប់ប្អូនស្រីគាត់ថា ឲ្យតមមាត់តមសំដី ខ្លាចក្រែងមានរឿងធំទៀត លុះមកដល់ពេលនេះ មានហេតុការណ៍ស្លាប់ដោយសាររឿងប្រចណ្ឌ ទាល់តែបាន ។ ក្រោយពេលសមត្ថកិច្ចពិនិត្យសាកសព រួចក៏បានប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖