ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន៣នាក់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនត្រូវបានកម្លាំងបង្ក្រាប

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ពាក់ពន្ធ័នឹងបទល្មើសគ្រឿងញៀន ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបានកាលពី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ៣០ នាទី នៅចំណុចក្រុម១ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ A FENG ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ/សញ្ជាតិចិន ស្នាក់នៅបណ្តោះអាសន្នសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួមនឹងវត្ថុតាងចាប់យកបានមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០២ កញ្ចប់ , ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង ។

របាយការណ៍បន្តទៀតថា បន្ទាប់មក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០១ និង ៣០ នាទី ឈ្មោះ A FENG បានសហការនិងចូលរួមផ្តល់ព័ត៌មានឲ្យសមត្ថកិច្ច បន្តឈានទៅឃាត់ជនសង្ស័យ ចំនួន ០២ នាក់ ទៀតជាជនជាតិចិនដូចគ្នា ឈ្មោះ PANJUN ភេទប្រុស ឆ្នាំកំណើត ១៩៨៣ , និងឈ្មោះ DU DE YOUNG ភេទប្រុស ឆ្នាំកំណើត១៩៨៨ ស្ថិតនៅចំណុច ក្រុម១១ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបានរកឃើញវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១៧ កញ្ចប់, ម្សៅហ្មត់ សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១៣ កញ្ចប់ , ប្រភេទថ្នាំគ្រាប់ ចំនួន ៩០ គ្រាប់ , ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង។

បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្តតាមនិតិវិធីច្បាប់ ៕ ឆ្លាមសមុទ្រ


ចែករំលែក៖