ព័ត៌មានទាន់ហេតុការណ៍៖

ដើមស្វាយព្រៃ១ដើមអាយុជាង១រយឆ្នាំត្រូវកាប់រំលំដើម្បីលក់ឲ្យឈ្មួញវៀតណាម

ចែករំលែក៖

ខេត្តព្រៃវែង៖ រយៈពេលប៉ុន្មានថ្ងៃមក នេះ ខេត្តព្រៃវែងបានផ្ទុះកើតរឿងដ៏រសើបមួយករណី ក្រុមឈ្មួញបាននាំគ្នាទៅកាប់ ផ្តួលរំលំដើមស្វាយព្រៃមួយដើម ដែលមានអាយុកាលរហូតដល់ទៅជាង១រយឆ្នាំ នៅ ភូមិឫស្សីជួរ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្ត ព្រៃវែង និងបានដឹកយកចេញទៅបាត់ ដោយសុវត្ថិភាពទាំងដែលមន្រ្តីជំនាញរដ្ឋបាលព្រៃឈើខេត្តបានចុះទៅឃើញ ប៉ុន្តែ បានត្រឹមតែធ្វើកំណត់ហេតុ តែគ្មាន ចំណាត់ការ។

ដើម្បីស្វាយព្រៃនេះ ត្រូវបានគេកាប់ផ្តួលកាលពីថ្ងៃទី៣ធ្នូ ដោយមនុស្សមួយក្រុម ដែលគេបានអះអាងថា បានទិញពីម្ចាស់ ដើមស្វាយនេះរួចហើយ ក្នុងគោលបំណងដើម្បីយកទៅដាំនៅរោងចក្រមួយកន្លែង ក្នុងទីប្រជុំជនអ្នកលឿង ។

ប៉ុន្តែនៅពេលដែលផ្តួលរំលំដើមស្វាយនេះបានហើយបម្រុងដឹកចេញក៏មានអ្នកសារព័ត៌មានមួយក្រុមទៅទាន់ និងបានថត ចុះផ្សាយពីសកម្មភាពនេះ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលពេញខេត្ត ។ លុះដល់ថ្ងៃទី៤ធ្នូ លោក ឃឹម អូន នាយសង្កាត់រដ្ឋបាលព្រៃ ឈើព្រៃវែង ក៏បានចុះទៅត្រួតពិនិត្យវាស់វែងធ្វើកំណត់ហេតុ រួចក៏ត្រឡប់ទៅ វិញដោយទុកដើមស្វាយនោះនៅទីតាំង ដដែល និងគ្មានការការពារអ្វីនោះទេ។

ប្រជាពលរដ្ឋនៅភូមិប្ញស្សីជួរនោះ បានរាយការណ៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា រហូតមកដល់វេលាម៉ោង២រសៀល ថ្ងៃ ទី១១ធ្នូ ឆ្នាំ២០១៨ស្រាប់តែឃើញក្រុម ឈ្មួញ នាំគ្នាមកដឹកយកដើមស្វាយព្រៃនោះទៅបានយ៉ាងរលូន ដោយគ្មានការ រំខានពីសមត្ថកិច្ច ឬមន្រ្តីជំនាញពាក់ព័ន្ធ ណាឡើយ។

មិនតែប៉ុណ្ណោះក៏បានលេចចេញលិខិតអនុញ្ញាតមួយ ធ្វើនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៨ ពីមន្រ្តីជំនាញ និងអាជ្ញាធរគ្រប់ ជាន់ថ្នាក់ ហើយជាលទ្ធផលក្រោយពេលដែលដើមស្វាយព្រៃនោះត្រូវកាប់ផ្តួលបាន៣ថ្ងៃ ដែលបានចុះហត្ថលេខាឯកភាព និងអនុញ្ញាតដោយលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង និងលោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង ដោយអនុញ្ញាតឲ្យបុរសម្នាក់ឈ្មោះ ស៊ិន សុវណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិ ខ្មែរមានទីលំនៅផ្ទះលេខ១៧ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទិញដើមស្វាយចំនួន ៣ដើម ពីប្តីប្រពន្ធ២នាក់ឈ្មោះ ជួប សែន (បី្ត) និងប្រពន្ធឈ្មោះ ទិត្យ ហ៊ីម មាន ទីលំនៅក្នុងភូមិប្ញស្សីជួរ ឃុំបឹងព្រះ ស្រុក បាភ្នំ ក្នុងតម្លៃ១លាន៧សែនរៀល ក្នុង ១ដើម ដើម្បីយកទៅដាំលម្អសោភណភាព នៅមុខរោងចក្រទិញលក់គ្រាប់ឈូក៩៩៩ នៅទីប្រជុំជនអ្នកលឿង ប៉ុន្តែទើបតែកាប់ ដឹកចេញបាន១ដើម ក៏មានរឿងតែម្តង។

ទើបនៅព្រឹកថ្ងៃទី១២ធ្នូ ឆ្នាំ២០១៨ អ្នកព័ត៌មានបានតាមទៅថតយករូបភាពដើមស្វាយព្រៃដែលគេដឹកចេញនោះ គឺពិតជាត្រូវបានដឹកយកមកទុក នៅក្នុង រោងចក្រទិញលក់គ្រាប់ឈូក៩៩៩នោះ មែន ប៉ុន្តែពលរដ្ឋនៅក្បែរនោះបានបញ្ជាក់ប្រាប់ថា រោងចក្រនោះបានបិទទ្វារជាង២ខែមកហើយ ដោយសាររកស៊ីមិនចំណេញ។

នៅក្នុងរោងចក្រនោះពុំមានអ្វីទាំងអស់ ក្រៅពីដើមរាំងជាច្រើនដើម ដែលគេដើរ ប្រមូលទិញពីតាមភូមិយកមកស្តុកទុកនៅ ទីនេះ ហើយបម្រុងនាំចេញទៅប្រទេស វៀតណាម នៅពេលដែលមានឈ្មួញខាងវៀតណាមត្រូវការ ហើយដើមស្វាយ ព្រៃដែលគេយកមកនេះ ក៏មានជោគ វាសនាដូចជាដើមរាំងទាំងនោះដែរ៕ ហេង សូរិយា


ចែករំលែក៖