ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយប្រេងឥន្ធន: TELA ឫស្សីស្រស់លក់ប្រេងមិនគ្រប់លីត្រទទួលការព្រមាន

ចែករំលែក៖

ភ្នំពេញ: មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធន: ចុះត្រួតពិនិត្យ ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ចំនួន ៣ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយរកឃើញស្ថនីយ៍ប្រេងមួយកន្លែងលក់ប្រេងមិនគ្រប់លីត្រ។នេះបើយោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃសុក្រ ៧ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ។

អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូ ទាំង ៣ ផងដែរ។ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញដេប៉ូ TELA ឫស្សីស្រស់ ស្ថិតនៅផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានលក់ប្រេងមិនមានអនុលោមភាពផែ្នក បរិមាណ (មិនគ្រប់លីត្រ) ។

ដោយសារនេះជាការរកឃើញលើកទី ១ មន្ត្រីជំនាញបានឲ្យម្ចាស់ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមជាបន្ទាន់ ។ បើមិនអនុវត្តតាមការណែនាំទេ នៅពេលមន្ត្រីកាំកុងត្រូលរកឃើញកំហុសលើកទី ២ ម្ចាស់ដេប៉ូ នឹងរងនូវការចោទប្រកាន់ទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់មិនខាន ៕ ប្រាថ្នា


ចែករំលែក៖