ព័ត៌មានទាន់ហេតុការណ៍៖

ហង្ស សុវណ្ណរិទ្ធ, ខ្លឹម ស្រីគា និង អួន វ៉ាន់វីតា ធ្វើឲ្យទស្សនិកជនទប់ទឹកភ្នែកមិនបានក្នុងបទ តំណក់ឈាមកម្សត់

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះខ្សែវីដេអូសម្តែងក្នុងបទចម្រៀងលំនាំបទមរតកដើម ជើងមេឃពណ៌ខ្មៅ របស់តារាចម្រៀងហង្សសុវណ្ណរិទ្ធ កញ្ញា ខ្លឹមស្រី និង កុមារី អួន វ៉ាន់វីតា បានឆក់យកការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ។ ចាប់អារម្មណ៍ព្រោះតែវីដេអូបទចម្រៀងមួយនេះ បង្កប់ដោយអត្ថន័យអប់រំស្នេហាស៊ីជម្រៅកម្សត់មួយ ដែលធ្វើឲ្យអ្នកទស្សនាទប់ទឹកភ្នែកមិនបាន ហើយកាន់តែកម្សត់គឺក្រោយពីសាច់រឿងបញ្ចប់ ត្រូវបានបញ្ចេញក្នុងបទបន្ទាប់គឺបទ តំណក់ឈាមកម្សត់ ។

បទចម្រៀងរៀបរាប់អំពីស្នេហាខកបំណងរបស់នារីរស់នៅលើដងទន្លេ និង ត្រូវបុរសជាសង្សារចាកចោលទៅរួមរស់ជាមួយនារីថ្មីនោះធ្លាប់បានធ្វើឲ្យគេចាប់អារម្មណ៍ ។

ក្រោយទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន លោកហង្សសុវណ្ណរិទ្ធ បានបញ្ចេញបទចម្រៀងថ្មី ដែលមានអត្ថន័យបញ្ជាក់ បំពេញ និង បញ្ចប់សាច់រឿងដ៏កម្សត់មួយនេះ ដែលធ្វើឲ្យអ្នកស្តាប់ និង ទស្សនាទប់ទឹកភ្នែកមិនបាន ។

ទាំងអត្ថន័យរូបអារម្មណ៍ក្នុងបទនេះក៏បាននឹងកំពុងចាក់ចំបេះដូងអ្នកគាំទ្រជាច្រើន ។ បទថ្មីនេះដែរចូលរួមសម្តែងដោយ កញ្ញា ឯកMiss Grand Cambodia 2017 កញ្ញា ខ្លឹមស្រីគាតារាសម្តែងវ័យក្មេងល្បីឈ្មោះកុមារីអ៊ួនវ៉ាន់វីតា និង តារាសម្តែងសិចស៊ី កញ្ញា យ៉ាយ៉ាជាដើម ។

តារាចម្រៀងរូបនេះបានបញ្ជាក់ថា លោកពិតជារំភើបក្រោយពីបទថ្មីចុងក្រោយរបស់លោកគឺបទ ជើងមេឃពណ៌ខ្មៅ របស់លោកទទួលបានការគាំទ្រខ្លាំង ។ តារារូបនេះបញ្ជាក់បទថ្មីបន្ទាប់ នេះក៏ទទួលបានការគាំទ្រថ្មីបន្ថែមទៀត ព្រោះតែបានលាតត្រដាងអីពីសាច់រឿងនៅពីក្រោយការបែកបាក់ស្នេហ៍ និង បញ្ចប់ដោយការវិលរកការជួបជុំមួយ ។

អ្នកចម្រៀងឯករាជរូបនេះបន្តថាការគាំទ្រនេះគឺជាកម្លាំងចិត្តសម្រាប់លោកបន្តផលិតបទចម្រៀងនៅថ្ងៃខាងមុខ ហើយលោកនឹងប្រឹងប្រែងផលិតឲ្យអស់ពីលទ្ធភាព ៕ វឌ្ឍនា


ចែករំលែក៖