ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសម្នាក់បានសម្រេច ព្យាយាមជិះរត់គេចខ្លួន តែត្រូវជនរងគ្រោះ និងប្រជាពលរដ្ឋជិះដេញតាមឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង៩យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២០០៤ខាងមុខស្ថានីយប្រេងឥន្ធន: តូតាល់ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហួន សិទ្ធិ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបើកម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GS-2257 តាមបណ្តោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចទៅកើត។ ហើយជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរសព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន ពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដែលជិះម៉ូតូនិយាយទូរសព្ទ បានសម្រេច។ ភ្លាមៗនោះជនសង្ស័យបានព្យាយាមបើករត់គេចខ្លួន តែត្រូវជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយនិងស្រែកឆោឡោរហូត មកដល់ចំណុចកើតហេតុដោយជនសង្ស័យភ័យស្លន់ស្លោពេកក៏ជិះម៉ូតូទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលម៉ូតូ ត្រូវបុរសជាជនរងគ្រោះ និងប្រជាពលរដ្ឋនៅក្បែរនោះចាប់បាននិងស្វាគមន៍ម្នាក់មួយដៃមួយជើង ហើយជនរងគ្រោះបានយកទូរសព្ទដៃរបស់ខ្លួនពីជនសង្ស័យត្រឡប់ទៅវិញ រួចជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ទៅ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមករូបគេក៏ធ្លាប់ធ្វើសកម្មភាពឆក់ទូរសព្ទដៃពីប្រជាពលរដ្ឋដែលធ្វើដំណើរ នៅខាងមុខវិទ្យាល័យសន្ធរម៉ុកម្តងដែលរ តែមិនបានសម្រេច។
បន្ទាប់ពីកើតហេតុ ជនសង្ស័យរួមទាំងវត្ថុតាំងត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ