ព័ត៌មានទាន់ហេតុការណ៍៖

បុរសប្រមឹកខួបម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងស្រះទឹក

ចែករំលែក៖

ខេត្តព្រៃវែង: បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងស្រះទឹក ខាងក្រោយផ្ទះរបស់ឈ្មោះ សោម ម៉ៅ ភេទស្រី (ផ្ទះបិទទ្វារចោល) នៅព្រឹក ថ្ងៃសុក្រ ៧ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិ០៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។

មន្ត្រីនគរបាលស្រុកពាមរក៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជឺម កុយ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ជាមនុស្សប្រមឹកខួប ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៨និង៣០នាទីយប់ថ្ងៃ១៣ ខែធ្នូឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានឃើញជនរងគ្រោះកំពុងអង្គុយផឹកស្រាម្នាក់ឯងក្បែរមាត់ស្រះខាងលើ ។លុះព្រឹកឡើងមិនឃើញជនរងគ្រោះដើរមករកទិញស្រាផឹក ដូចរាល់ដងទេ ក៏មានការសង្ស័យបាននាំគ្នាដើរទៅមើលស្រះទឹកក៏បានឃើញសាកសពបុរសខាងលើកំពុងអណ្តែតក្នុងស្រះ។ ភ្លាមនោះអ្នកភូមិក៏បានរាយការណ៍ជូនសមត្ថកិច្ចហើយ ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការពិនិត្យនិងកោសល្យវិច័យរួចឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ក៏ប្រគល់សពឲ្យអាជ្ញាធរភូមិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖