ការិយាល័យ តំណាងពាណិជ្ជកម្ម អាមេរិក បានសម្រេច ពន្យារពេលវេលានៅក្នុង ការម្លើងពន្ធ នាំចូលទំនិញពីចិន ចាប់ពី១០ភាគរយ ឡើងដល់២៥ភាគរយ ក្នុងចំណោមទំនិញមានតម្លៃ ជាង២០០ពាន់លានដុល្លារ ក្នុងពេលដែល ភាគីទាំងពីរកំពុងតែពិភាក្សា ស្តីពីវិស័យពាណិជ្ជកម្ម ។
ការផ្លាស់់ប្តូរពេលវេលាខាងលើ ត្រូវបានប្រកាស កាលពីថ្ងៃទី១៣ ខែធ្នូ ។ ការតម្លើងពន្ធនាំចូលទំនិញពីចិន នឹងចូលជាធរមាននៅព្រឹកថ្ងៃទី២ខែមីនា ឆ្នាំ២០១៩ ។ កន្លងមកអាមេរិក បានប្រកាសពីគម្រោងតម្លើងពន្ធទំនិញចិនមានតម្លៃ២០០ពាន់លានដុល្លារ នៅថ្ងៃទី១ ខែមករាឆ្នាំ២០១៩។
ការផ្លាស់ប្តូរពេលវេលាតម្លើងពន្ធ ខាងលើ មិនប៉ះពាល់ដល់ពន្ធ២៥ភាគរយ ដែលបានតម្លើង លើទំនិញមានតម្លៃ៥០ពាន់លានដុល្លារ ដែលបាននាំចូលពីចិន ក្នុងដំណាក់កាលទីមួយ ។ ចាប់តាំងពីវិវាទពាណិជ្ជកម្មទ្វេភាគី រវាងអាមេរិក ចិន កាន់តែខ្លាំងឡើង នៅខែកក្កដា ឆ្នាំ២០១៨ អាមេរិកបានសម្រេច តម្លើងពន្ធសរុប២៥០ពាន់លានដុល្លារលើទំនិញចិន ។ ចំណែកចិនវិញ ក៏បាន សម្រេចតម្លើងពន្ធ នាំចូលទំនិញពីអាមេរិក មានតម្លៃ១១០ពាន់លានដុល្លារ ។
នៅក្នុងសេចក្តីប្រកាស មុនពេលដែលអាមេរិក ពន្យារពេលតម្លើងពន្ធលើទំនិញចិន ក្រសួងហិរញ្ញវត្ថុចិន ក៏បានប្រកាសផ្អាកតម្លើងពន្ធ២៥ភាគរយ លើរថយន្តរបស់អាមេរិក ដោយការផ្អាកនេះ អូសបន្លាយរយៈពេល៣ខែ ៕