ព័ត៌មានទាន់ហេតុការណ៍៖

រឿង ព្រលឹងមនុស្សរស់ តំណាងអំពីការអន្ទងព្រលឹងនឹងចាក់បញ្ចាំងចុងខែនេះ

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តកំប្លែង ភ័យរន្ធត់ ដែលរៀបរាប់អំពីជំនឿលើការអន្ទងព្រលឹង របស់ផលិតកម្ម LA Film គឺរឿង ព្រលឹងមនុស្សរស់ នឹងចាក់បញ្ចាំងជាផ្លួវការហើយនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨នេះ ។ ភាពយន្តនេះនឹងចូលរួមសម្តែងដោយតារាសម្តែង តារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើននៅកម្ពុជា និងត្រូវបាកគេរំពឹងថា ជាភាពយន្តលេចធ្លោមួយនៅចុងឆ្នាំនេះ ។

អបិយជំនឿលើការអន្ទងព្រលឹងមនុស្ស ដែលបាត់បង់វិញ្ញាណ និងហៅព្រលឹងមនុស្ស ដែលបានស្លាប់បាត់បង់ជិវិត នៅតែស្ថិតក្នុងអារម្មណ៍ប្រជាជនខ្មែរ ដែលមានជំនឿលើព្រលឹងនិយម ។ ក្រោយសម្រិតសម្រាំងការផលិតអស់ជាច្រើនខែផលិតកម្មLA Film បានសម្រេចបញ្ចេញស្នាដៃថ្មីចុងក្រោយរបស់ខ្លួនគឺរឿង ព្រលឹងមនុស្សរស់ ដែលបកស្រាយអំពីជំនឿមួយនេះ ។ ភាពយន្តនេះមានការចូលរួមសម្តែងដោយតារាសម្តែង កញ្ញា គៀត សុវណ្ណាឡាង នាយគ្រឿន នាយពែកមី លោក ជា សុវណ្ណនរា លោក ទេព រិនដារ៉ូ នាយ BIG លោក ងួន សុបិនជាដើម ។ ភាពយន្តនេះត្រូវបានដឹកនាំសម្តែងដោយផលតករផលិតរឿង ភូមិអត់មនុស្ស និងរឿង ទង់ព្រលឹង គឺ លោក ឌៀប សុវណ្ណតារា ។ ភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់ ចាប់ពីថ្ងៃទី២៥ខែធ្នូនេះតទៅ ។

តារាសម្តែង គៀត សុវណ្ណាឡាង បានបញ្ជាក់ថា ជាភាពយន្តថ្មីប្លែកសម្រាប់ទស្សនិកជន ដែលផលិតករ និងសិល្បករបានខិតខំរួមគ្នាចូលរួមផលិត និងសម្តែង ។ នាងថាមានផលលំបាកជាច្រើន ដែលជួបប្រទះទាំងការថតនៅពេលយប់ជ្រៅ និងក្នុងល្អាងជាដើម ។ នាងរំពឹងថាភាពយន្តនេះនឹងក្លាយជាចំណីអារម្មណ៍ថ្មីមួយប្លែកបន្ថែមទៀតសម្រាប់ទស្សនិកជន ហើយនាងក៏រំបឹងថា នឹងទទួលបានការគាំទ្រស្នាដៃថ្មីនេះនៅពេលចាក់បញ្ចាំងផងដែរ ៕ វឌ្ឍនា


ចែករំលែក៖