ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធវារីអគ្គិសនី សេសានក្រោម២ នៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឺងត្រែង៖ នៅព្រឹកថ្ងៃចន្ទ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ដែលផ្តល់ថាមពលអនុភាព 400 មេហ្គាវ៉ាត់​ ខ្ពស់ជាងគេនៅកម្ពុជា។

សម្តេចតេជោ ថ្លែងយ៉ាងដូច្នេះថា «នៅព្រឹកថ្ងៃទី ១៧ធ្នូនេះ ខ្ញុំធ្វើដំណើរទៅខេត្តស្ទឹងត្រែង ដើម្បីសម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីសេសានក្រោម២ ដែលមានសមត្ថភាពផលិតថាមពលអគ្គីសនីបាន ៤០០មេហ្កាវ៉ាត់ ដែលវិនិយោគរួមដោយ៣ក្រុមហ៊ុនលើទឹកប្រាក់វិនិយោគជិត ៨០០លានដុល្លារអាមេរិក។ ប្រភេទនៃការវិនិយោគនេះ គឺសាងសង់រួច-ដំណើរការ- និងផ្ទេរមករាជរដ្ឋាភិបាល (BOT) ដែលមានរយៈពេលសម្បទាន ៤៥ឆ្នាំ។

វារីអគ្គិសនីសេសានក្រោម២នេះ គឺនឹងផ្តល់ការងារនិងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋ ព្រមទាំងចំណូលពន្ធដាររដ្ឋ។ទន្ទឹមនឹងនេះ គឺនឹងបង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា ដែលនឹងចូលរួមជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រពិតប្រាកដរបស់ប្រជាពលរដ្ឋ។ ច្បាស់ណាស់ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ទើបវិនិយោគបរទេសហ៊ានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នា» ។

សូមបញ្ជាក់ថា វារីអគ្គិសនីនេះ វិនិយោគរួមគ្នារវាងក្រុមហ៊ុន ចំនួនបី រួមមានក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដាក់ទុនវិនិយោគ ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់ខ្មែរ ទាក់ទុន ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក។ ការវិនិយោគនេះតាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល៥ឆ្នាំសម្រាប់ដំណើរការសាងសង់ និង៤០ឆ្នាំ សម្រាប់ធ្វើអាជីវកម្ម។

ការអភិវឌ្ឍគម្រោងវារីអគ្គិសនីសេសានក្រោម២នេះ ផ្តល់ផលប្រយោជន៍ជាច្រើនជូនប្រទេសជាតិ តាមរយៈការបង្កើតមុខរបរដល់ប្រជាពលរដ្ឋ បង្កើតប្រាក់ចំណូលពន្ធដារជូនរដ្ឋ បង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា កាត់បន្ថយហានិភ័យលើកផ្គត់ផ្គង់អគ្គិសនីដែលពឹងផ្អែកលើការនាំចូលឥន្ធនៈដើម្បីផលិតអគ្គិសនី និងបានចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ៕


ចែករំលែក៖