ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ និងមន្ដ្រីជំនាញចេញមកពន្យល់ហេតុផល ក្នុងករណីផ្ទុះការតវ៉ាចង់បញ្ឈប់ការបង់លុយសម្រាប់ឡសត្ដឃាត

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ អាជ្ញាធរ និងមន្ដ្រីជំនាញបានចេញមកពន្យល់ ពីហេតុផល​ ក៏ដូចជា សេចក្ដីសម្រេចរបស់អាជ្ញាធរខេត្ត កាលពីពេលកន្លងទៅ ដើម្បីបង្ហាញដល់សាធារណជន និងថ្នាក់ដឹកនាំឲ្យបានជ្រាបពីករណីផ្ទុះការតវ៉ាចង់បញ្ឈប់ការបង់លុយសម្រាប់ឡសត្ដឃាត ។

សូមបញ្ជាក់ថា ក្រុមអាជីវករ​រកស៊ីកាប់ជ្រូក និងគោក្របីលក់ នៅក្នុងផ្សារវាលយន្ដ បានចេញមកតវ៉ាដោយទាមទារបីចំណុចសំខាន់ៗ រួមមាន៖

*ទី១៖ ចង់ឲ្យអ្នកគ្រប់គ្រងឡបញ្ឈប់ការយកថ្លៃឡ ដែលមួយក្បាលជ្រូក និងគោ មិនតិចជាង២០០០រៀលនោះទេ

*ទី២៖ ចង់ឲ្យមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងឡ ដោយចង់ដាក់អ្នកថ្មីជំនួសវិញ ដោយសារអ្នកគ្រប់គ្រងបច្ចុប្បន្នប្រើពាក្យមើលងាយដល់ក្រុមអាជីវករ

*ទី៣៖ ចង់ឲ្យពេទ្យសត្វ យកថ្លៃត្រឹម១០០០រៀលបានហើយ ដូចកាលពីអតីតកាល ដោយសារបច្ចុប្បន្នយកថ្លៃ១៥០០រៀលក្នុងមួយក្បាល។​

មន្ដ្រីសាលាខេត្តស្វាយរៀង ក៏បានបង្ហាញសេចក្ដីសម្រេចមួយ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបានបញ្ជាក់ថា ករណីទាំងនេះត្រូវបានរដ្ឋបាល បានប្រគល់ភារកិច្ចឲ្យមន្ទីរ អង្គភាពជំនាញ ដើម្បីដោះស្រាយជាមួយក្រុមអាជីវករ និងម្ចាស់សត្ដឃាតដ្ឋានជាបន្ដបន្ទាប់ ចំនួន៣លើក ដោយជាលទ្ធផល តំណាងអាជីវករ សុំបង់ថ្លៃពិឃាដសត្វគោ ក្របីមួយក្បាល៣,០០០រៀល និងសត្វជ្រូកមួយក្បាល១,០០០រៀល។ រីឯម្ចាស់សត្ដឃាតដ្ឋានបានបញ្ចុះតម្លៃ ពី៦,០០០រៀល មកត្រឹម៤,០០០រៀល ក្នុងមួយក្បាល ហើយសត្វជ្រូកបញ្ចុះពី៣,០០០ មក២,០០០រៀល ក្នុងមួយក្បាល។

តាមរយៈកិច្ចសម្របសម្រួលនេះ រដ្ឋបាលខេត្តបានសម្រេចជាគោលការណ៍ដូចតទៅ៖ គោ ក្របី មួយក្បាលតម្លៃ៣,៥០០រៀល និងជ្រូកមួយក្បាល តម្លៃ១,៥០០រៀល ហើយការកំណត់តម្លៃនេះ ចាប់ផ្ដើមអនុវត្តពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ រហូតដល់ចប់អាណត្តិថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សម្រេចថា រាល់ការពិឃាដសត្វត្រូវចូលទៅពិឃាដនៅទីសត្ដឃាតដ្ឋាន គឺប្រមូលផ្ដុំកន្លែងតែមួយ មិនឲ្យធ្វើឡើងនៅខាងក្រៅសត្ដឃាតដ្ឋាននោះឡើយ។

ជាមួយគ្នានេះ ខាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តស្វាយរៀង ក៏បានចេញមកបកស្រាយផងដែរថា ឡសត្តឃាតនៅក្រុងស្វាយរៀងនេះ បានបង្កើតឡើងនៅឆ្នាំ១៩៩៨ មានឈ្មោះ ទី ស៊ា បានមកដាក់ទុកវិនិយោគសាង់សង់ និងកំណត់ចប់កិច្ចសន្យានៅឆ្នាំ២០០៧ (មានរយៈពេល១០ឆ្នាំ)។ បន្ទាប់មក អាជ្ញាធរខេត្តបានប្រគល់ឡសត្តឃាតនេះទៅឱ្យឈ្មោះ មាស សម្បត្តិ ដាក់ទុនជួសជុល និងគ្រប់គ្រងបន្ត រហូតមកដល់ឆ្នាំ២០១១ លោក មាស សម្បត្តិបានផ្ទេរសិទ្ធិឱ្យលោក ទេព សាវ៉េត និងលោកស្រី ទេព សារឿន គ្រប់គ្រងបន្តដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ទើបចប់កិច្ចសន្យា។

រីឯការកំណត់ឱ្យបង់ថ្លៃឈ្នួលចូលពិឃាតសត្វនោះ អនុវត្តបន្តតាមដីកាលេខ ៥៥ ដក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៩ របស់រដ្ឋបាលខេត្តស្វាយរៀងគឺ គោឬក្របី ១ក្បាល ថ្លៃ៥០០០រៀល និងជ្រូក ១ក្បាល ថ្លៃ៣០០០រៀល។ ចាប់តាំងពីអនុវត្តកិច្ចសន្យាលើកទីពីរឆ្នាំ២០០៨ មក ម្ចាស់ឡសត្តឃាត និងអាជីវករពុំដែលមានបញ្ហាអ្វីឡើយព្រមព្រៀងបង់តាម តម្លៃដែលបានកំណត់ ទើបតែនៅខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ ពួកគាត់បានដាក់សំណើសំណូមពរមករដ្ឋបាលខេត្ត ដោយសុំបញ្ចប់ការបង់ថ្លៃឡសត្តឃាត ទាំងមិនទាន់ចប់កិច្ចសន្យាដោយអៈអាងថា ឡសត្តឃាតនេះផុតអណត្តិ។

ក្រោយពីទទួលបានលិខិតសំណូមពរមក រដ្ឋបាលខេត្តក៏បានចាត់ចែងក្រុមការងារមានមន្ទីរជំនាញ អង្គភាពពាក់ព័ន្ឋ និងអញ្ជើញអាជីវករចូលរួមសម្របសម្រួលដោះស្រាយចំនួន៤លើក ព្រមទាំងចេញលិខិតដើម្បីឲ្យអនុវត្ត តែមកដល់ពេលនេះ ក្រុមអាជីវករពុំព្រមអនុវត្តតាមលិខិតរបស់រដ្ឋបាលខេត្តឡើយ។ សូមបញ្ជាក់ផងដែរថា ឆ្លងតាមការអញ្ជើញមកប្រជុំ សម្របសម្រួលដោះស្រាយ បញ្ហាចំនួន៤លើកកន្លងមកនេះ ក្រុមអាជីវករទាមទារពុំមានដែនកំណត់ឡើយ។

ដោយឡែកផលិតកម្មកម្មសត្វ សូមធ្វើការបំភ្លឺថា យោងតាមប្រកាសរួមលេខ១០១៣ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់លើសេវាត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនៅសត្តឃាតដ្ឋានចំពោះចតុប្បាទធំ២.០០០រៀល ក្នុងមួយក្បាល ចតុប្បាទតូច១.៥០០រៀល ក្នុងមួយក្បាល និងបក្សី ៥០រៀលក្នុងមួយក្បាល។ ដោយឡែក ចំពោះសេវាកម្មផ្សេងៗ ដែលមិនមានកំណត់ក្នុងប្រកាសរួមនេះ មិនមែនជារបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឡើយ ៕ យឹម សុថាន


ចែករំលែក៖