ខេត្តពោធិ៍សាត់៖ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកបែងចែកជាបីមុខព្រួញ ចុះសហការកម្លាំងចម្រុះបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅលើផ្ទៃទឹកបឹងទន្លេសាបជាទ្រង់ទ្រាយធំ។
យោងរបាយការណ៍កងរាជអាវុធហត្ថ ដឹកនាំដោយលោក វរសេនីយ៍ឯក ឡាយ វិទូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះសហការទិសដៅក្នុងភូមិសាស្រ្តស្រុកក្រគរបានឲ្យដឹងថា នាថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ទីខែធ្នូ ឆ្នាំ២០១៨ លទ្ធផល៖ កម្លាំងបង្រ្កាបដោយបំផ្លាញនូវវត្ថុតាងរួមមាន របាំងសាច់អ៊ួនចំនួន ៧ខ្សែ មានប្រវែងចំនួន ១៨០០ម៉ែត្រ ក្បាលបរចំនួន ៧គ្រឿង បង្គោលចំរឹងចំនួន ៣៥០ដើម បង្គោលឈ្នក់ចំនួន ៦១០ដើម ស្មើនឹងចំនួន ៤២កន្លែង ចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបចំនួន ១១៥គីឡូក្រាម ម្ចាស់គេចខ្លួន។
ចំណែករបាយការណ៍កងរាជអាវុធហត្ថដែរ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ុន សាត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះសហការទិសដៅក្នុងភូមិសាស្រ្តស្រុកកណ្ដៀងឯនេះវិញបានឲ្យដឹងដែរថា នៅថ្ងៃដដែលនេះ លទ្ធផល៖ កម្លាំងធ្វើបង្រ្កាបដោយបំផ្លាញនូវវត្ថុតាងរួមមាន ក្បាកអុយចំនួន ៦គ្រឿង ចំនួន ២ខ្សែ សាច់អ៊ួនក្រឡាញឹកប្រវែងចំនួន ១៧០ម៉ែត្រ បង្គោលចំរឹងចំនួន ៧១៥ដើម ម្ចាស់គេចខ្លួន។
ដោយឡែក៖ របាយការណ៍កងរាជអាវុធហត្ថដដែល ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ពុទ្ធ លី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះសហការទិសដៅក្នុងភូមិសាស្រ្តស្រុកបាកានក៍បានឲ្យដឹងទៀតថា នៅថ្ងៃទី១៨ ដដែល លទ្ធផល៖ កម្លាំងធ្វើបង្រ្កាបដោយបំផ្លាញនូវវត្ថុតាងរួមមាន សាច់អ៊ួនក្រឡាញឹកប្រវែងចំនួន ២៥០០ម៉ែត្រ បង្គោលចំរឹងចំនួន ១៦០០ដើម និងក្បាលបរចំនួន ២គ្រឿង ហើយនៅថ្ងៃទី១៩ ខែឆ្នាំដដែលនេះ លទ្ធផល៖ កម្លាំងធ្វើបង្រ្កាបដោយបំផ្លាញនូវវត្ថុតាងរួមមាន ក្បាលបរចំនួន ២គ្រឿង សាច់អ៊ួនក្រឡាញឹកប្រវែងចំនួន ១៥០០ម៉ែត្រ បង្គោលចំរឹងចំនួន ១៥០០ដើម សាច់ឈ្នក់ចំនួន ៤ មានទំហ៊ុំ ៤០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ និងចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបវិញចំនួន ៥គីឡូក្រាមផងដែរ៕ ប៉ឹម ពិន