ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ៧គ្រួសារក្នុងឃុំបឹងព្រួលបង្ខំចិត្តរុះរើលំនៅឋានចេញដោយសារច្រាំងទន្លេបាក់កាន់តែជិតដល់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ គ្រោះមហន្តរាយបាក់ ច្រាំងទន្លេប្រមាណ១០០ម៉ែត្រនៅក្នុងភូមិ វិហារក្រោម ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំបានធ្វើឲ្យប្រជាពលរដ្ឋចំនួន៧គ្រួសារបង្ខំចិត្ត រុះរើលំនៅឋានចេញទៅកន្លែងថ្មីដែលមានសុវត្ថិភាព ខណៈចំណុចខ្លះនៅមិនដល់ ១០ម៉ែត្រផងច្រាំងទន្លេមេគង្គនឹងបាក់ស្រុត មកដល់ ។

លោក កូប ស្លេះ ប្រជាពលរដ្ឋដែលបានរុះរើផ្ទះចេញបានរៀបរាប់ឲ្យដឹងថា ពួក គាត់មិនអាចរស់នៅទីនោះបានទៀតទេ ព្រោះប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល ហេតុនេះហើយត្រូវតែរុះរើចេញទាំងបង្ខំ ដោយសារគ្មានគម្រោងមុនធ្វើឲ្យមានការលំបាកស្នាក់នៅ ។

លោកថា ពេលនេះកំពុងជួបការលំបាកយ៉ាងខ្លាំង ហើយបើមានសប្បុរសជន និងអាជ្ញាធរថ្នាក់ណាមានជំនួយខ្លះមកឲ្យពួកគាត់គឺពិតជាប្រសើរខ្លាំងណាស់ព្រោះ ពេលនេះកំពុងអត់យ៉ាងខ្លាំង ។

ជាមួយគ្នានោះលោក លី សា បានរៀប រាប់ឲ្យដឹងដែរថា នៅប្រវែងប្រមាណ៣ ម៉ែត្រទៀត ប៉ុណ្ណោះច្រាំងនឹងបាក់មកដល់ ផ្ទះរបស់គាត់ ដូច្នេះត្រូវតែរុះរើចេញ ព្រោះច្រាំងទន្លេម្តុំផ្ទះរបស់គាត់បាក់រាល់ឆ្នាំ ខណៈ ឆ្នាំនេះបាក់កាន់តែជិតមកដល់ធ្វើឲ្យពួក គាត់មានការបារម្ភខ្លាចមានគ្រោះថ្នាក់ ទើបសម្រេចចិត្តរុះរើចេញ ។

បើតាមលោក ស៊ុន សុធា មេប៉ុស្តិ៍រដ្ឋ បាលបឹងព្រួលបានឲ្យដឹងថា ច្រាំងទន្លេ ចំនួន២កន្លែងប្រវែងប្រមាណ១០០ម៉ែត្រក្នុងភូមិវិហារក្រោម ឃុំបឹងព្រួលបានបាក់ស្រុតជាបន្តបន្ទាប់ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ដែលនៅចម្ងាយប្រមាណ៧ម៉ែត្រត្រូវបង្ខំ ចិត្តរុះរើចេញដើម្បីទៅរកកន្លែងមានសុវត្ថិភាព។

លោកបញ្ជាក់ថា ការបាក់ស្រុតច្រាំង នេះគឺជាគ្រោះមហន្តរាយធម្មជាតិសុទ្ធសាធ មិនមែនដោយសារការបូមខ្សាច់នោះទេ ពោលគឺទីតាំងនោះកាលពីរដូវទឹកឡើង បានហូរច្រោះខូងខាងក្រោមទើបពេលទឹកស្រកទៅវិញដីច្រាំងបាក់ស្រុត ដូច្នេះតែយ៉ាងណាមិនបង្កគ្រោះថ្នាក់ ឬមានផលប៉ះពាល់ធ្ងន់ធ្ងដល់ប្រជាពលរដ្ឋនោះទេ ។

ផ្ទះប្រជាពលរដ្ឋដែលបានរុះរើចេញមាន ទី១.ឈ្មោះ សា ស៊ីវ៉ាស អាយុ៤៤ឆ្នាំ មាន សមាជិកគ្រួសារ៦នាក់, ទី២. ឈ្មោះ លី សា អាយុ៥០ឆ្នាំ មានសមាជិកគ្រួសារ៧នាក់, ទី៣.ឈ្មោះ ម៉ាត់ លីម អាយុ២៨ឆ្នាំ មាន សមាជិកគ្រួសារ៤នាក់, ទី៤.ឈ្មោះ កូប ស្លេះ អាយុ៣៣ឆ្នាំ មានសមាជិកគ្រួសារ ៦នាក់, ទី៥. ឈ្មោះ ញ៉ អាយុ៣៧ឆ្នាំ មាន សមាជិកគ្រួសារ៦នាក់, ទី៦. ឈ្មោះ ម៉ាត់ លី អាយុ៣៥ឆ្នាំ មានសមាជិកគ្រួសារ៣នាក់ និងទី៧.ឈ្មោះ កៅ ឡេះ អាយុ៧៥ឆ្នាំ មានសមាជិកគ្រួសារ៣នាក់ ៕ ហេង នរិន្ទ្រ


ចែករំលែក៖