ខេត្តស្វាយរៀង៖ មានការស្រែកយំ ពីសំណាក់ក្រុមគ្រួសារ និងហៅអ្នកភូមិជួយសង្គ្រោះ បន្ទាប់ពីប្រទះឃើញកូនប្រុសចងកសម្លាប់ខ្លួនក្នុងបន្ទប់ និងលើកដាក់លើគ្រែ ធ្វើចលនាដៃជើង ប៉ុន្តែហួសពេលទៅហើយ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងចន្លោះវេលាម៉ោង៦ទៅម៉ោង៧យប់ នៅថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ក្មេងដែលគិតខ្លីមានឈ្មោះ ឈុន សំបាន ហៅត្តក អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដមានឪពុកឈ្មោះ ទិត្យ ឆើយ អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលក្រុងនគរបាលជំនាញខេត្ត និងប៉ុស្តិ៍រដ្ឋបាលបាវិតព្រមទាំងគ្រូពេទ្យបានមកពិនិត្យសពហើយសន្និដ្ឋានថា ពិតជាចងកសម្លាប់ខ្លួន ដោយបានយកក្រមា ចងផ្អឹបក្នុងបន្ទប់របស់ខ្លួនពិតប្រាកដមែន ដោយមិនឃើញស្លាកស្នាមណាមួយថា ជារឿងឃាតកម្មអ្វីនោះទេ ។
តាមអ្នកភូមិបានឲ្យដឹងថា ក្មេងគិតខ្លីខាងលើ គឺទំនងជាខឹងឪពុករបស់ខ្លួនដោយសារសុំទិញម៉ូតូជិះដើរលេង ដូចមិត្តភក្តិក្នុងភូមិ ប៉ុន្តែត្រូវបានក្រុមគ្រួសារបដិសេធ ស្រាប់តែនៅថ្ងៃកើតហេតុ ក៏បង្កការភ្ញាក់ផ្អើលចងកសម្លាប់ខ្លួនបែបនេះតែម្ដង ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបាន សមត្ថកិច្ច ប្រគល់ជូនដល់ក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕