ភ្នំពេញ៖ បុរសវ័យ៥០ឆ្នាំ មានជំងឺសសៃប្រសាទ ប្រចាំកាយម្នាក់ នឹងជាអ្នករុញរទេះលក់លៀសហាល បានស្លាប់ចោលប្រពន្ធកូនក្រោយពេលមកពីជួយធ្វើស្រែម្តាយក្មេកនៅឯស្រុក ហើយមានអការមិនសូវស្រួលខ្លួនរួចបានផឹកភេសជ្ជៈខារ៉ាបាវអស់មួយកំប៉ុង ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ១៨៣ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពបុរសរងគ្រោះមាន ឈ្មោះ កៃ ប៉ាន់ អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកលក់លៀសហាល ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិ ក្រាំងល្វា ឃុំតាម៉ងជ្រុំ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះ ហ៊ុន ជេស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកលក់លៀសហាល ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិពិល ឃុំមានជ័យ ស្រុករំដួល ខេត្តស្វាយរៀង មានកូន៥នាក់ ស្លាប់៤នាក់នៅសល់កូនស្រីម្នាក់ មានឈ្មោះ ប៉ាន់ កញ្ញា អាយុ១៣ឆ្នាំ មុខរបរសិស្ស។
បើតាមសម្តីស្ត្រីជាប្រពន្ធបានឲ្យដឹងថា កាលពីមុនពេលកើតហេតុ ប្តីរបស់គាត់បានទៅជួយធ្វើស្រែម្តាយក្មេកនៅខេត្តស្វាយរៀងពេលត្រឡប់មកវិញ យប់កើតហេតុប្តីក៏ទារហូបភេសជ្ជៈខារ៉ាបាវ ក្រែងអាចមានកម្លាំងបន្តិច។
បន្ទាប់មក គាត់ជាប្រពន្ធក៏ទៅទិញភេសជ្ជៈខារ៉ាបាវ ឲ្យប្តីហូប ហើយមួយសន្ទុះក្រោយមក ប្តីក៏បានទារហូបភេសជ្ជៈខារ៉ាបាវ មួយកំប៉ុងទៀត ដោយនិយាយថា ”មុននឹងស្លាប់ផឹកឲ្យឆ្អែត ព្រោះគេមកយកគាត់ ហើយគាត់មិននៅទេ”។ ប៉ុន្តែពេលនោះ ប្រពន្ធមិនព្រមឲ្យហូបនោះទេ ព្រោះដឹងថា ប្តីមានសភាពខ្សោយខ្លាំងពេក ខ្លាចមានបញ្ហា។ រួចមកគាត់ក៏ដេញប្តីឲ្យទៅសម្ងំដេក តែប្តីនៅតែនិយាយប្លែកៗខុសពីធម្មតា មួយសន្ទុះក្រោយមកប្តីក៏ព្រមចូលទៅសម្ងំដេកនៅក្នុងផ្ទះបាត់ទៅ ។
លុះដល់ពេលកើតហេតុ គាត់ (ប្រពន្ធ) ក៏បានចូលទៅមើលប្តីដេកនៅខាងក្នុងផ្ទះ ពេលចូលទៅដល់ ស្រាប់តែឃើញប្ដីដេកបាត់មាត់បាត់ក ។ ភ្លាមៗនោះ គាត់ក៏ស្រែកឆោឡោ ឲ្យគេឯងជួយ ហើយក៏មានប្រជាពលរដ្ឋមកជួយលើក និងបានជួយហៅម៉ូតូកង់បី មកដឹកប្តីគាត់ទៅមន្ទីរពេទ្យ ជាអកុសល ប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ស្ត្រីជាប្រពន្ធបានបញ្ជាក់ប្រាប់ថា ប្តីរបស់គាត់គឺមានជំងឺសសៃប្រសាទ និងជំងឺខ្វះជាតិស្ករប្រចាំកាយជាយូរឆ្នាំមកហើយ គាត់តែងតែទៅបើកថ្នាំលេបនៅមន្ទីរពេទ្យមិត្តភាពមកម្ពុជាសូវៀតជារៀងរាល់ខែ ហើយកន្លែងដែលគាត់រស់នៅ ដោយម្ចាស់ផ្ទះមានចិត្តអាណិត ព្រមឲ្យស្នាក់នៅ ដោយមិនយកលុយនោះទេ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកពិនិត្យដល់កន្លែងកើតហេតុ ហើយដោយមិនមានការប្តឹងផ្តល់សមត្ថកិច្ចក៏ធ្វើលិខិតស្នាមប្រគល់សពឲ្យក្រុមគ្រួសារដឹងយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត៕ ជ្រោយពេជ្រ