ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្លឹបអ្នកកាសែតកម្ពុជាបានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក្រោមវត្តមានមន្ត្រីជាន់ខ្ពស់ក្រសួងសារព័ត៌មាន តំណាងអង្គការក្រៅរដ្ឋាភិបាល និងនិពន្ធនាយកកាសែត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអនឡាញប្រមាណ៧០នាក់ មកពីអង្គភាពនានាទូទាំងប្រទេស ។
ក្នុងពិធីនេះ លោកមាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលខ្លឹមសារក្នុងសារលិខិតនោះ មានសារសំខាន់ជាច្រើនផ្តោតទៅលើការផលិតព័ត៌មានក្លែងក្លាយ ដោយក្នុងនោះ ព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងប្រឈមយ៉ាងក្តៅគគុក ទៅនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំពុលបរិយាកាសក្នុងសង្គម ដែលបង្កឡើងដោយក្រុមអ្នកនយោបាយប្រាំង និងពួកឱកាសនិយម ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមរយៈការធ្វើបដិវត្តន៍ពណ៌ ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការលើកដំកើងសិទ្ធិសេរីភាពខាងសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ ស្របតាមបទដ្ឋានរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន ។
បន្ទាប់មកអង្គវេទិកាបានឆ្លងសេចក្តីថ្លែងការណ៍វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៥ ដែលមាន១២ចំណុចដើម្បីអនុម័តជាស្ថាពរ ៕ ប្រាថ្នា