ភ្នំពេញៈ នៅព្រឹកថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំ កិច្ចប្រជុំស្តីពីផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបលើទី៤០ នៃទិវាជ័យជំនះ៧មករា និងពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានការចូលរួមពីអគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត ។
ក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិមានប្រសាសន៍សង្កត់ធ្ងន់ណែនាំឲ្យកងកម្លាំងទាំងអស់យកចិត្តទុកដាក់ឲ្យមានម៉ឺងម៉ាត់ក្នុងការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលកំពូល និងប្រជាពលរដ្ឋចូលដែលអញ្ជើញទៅចូលរួម កំសាន្តសប្បាយនៅក្នុងថ្ងៃពិធីបុណ្យខួបលើទី៤០ចំនួន៣ថ្ងៃដែលប្រារព្ធធ្វើឡើងនៅវិមានឈ្នះ ឈ្នះ លោកអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ដោយសារនៅពេលយប់ថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋអញ្ជើញមកទស្សនាកម្មវិធីសិល្បៈតាមស្តង់ប្រគំតន្រ្តីផ្សេងៗជាពិសេសក៏មានការបាញ់កាំជ្រួចតាមលក្ខណទំនើបអាចចេញជារូបភាពផ្សេងៗប្រមាណរយៈពេល៤៥នាទីផងដែរ ម្យ៉ាងវិញទៀតដោយសារពលរដ្ឋ និងមហាជនចង់ចូលរួមអបអរសាទរ ក្នុងទិវាប្រវត្តិសាស្ត្រនៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ដែលរយៈជាង៥០០ឆ្នាំកន្លងមកហើយប្រទេសកម្ពុជាមិនដែលបញ្ចប់សង្គ្រាមនោះទេ ដូច្នេះទាមទារឲ្យកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់បូករួមទាំងបញ្ហាបច្ចេកទេសផងដែរ ។
ដោយឡែកសម្រាប់ពិធីបុណ្យខួបលើកទី៤០ នៃទិវាថ្ងៃ ៧មករា(១៩៧៩-២០១៩)វិញ នឹងប្រព្រឹត្តីនៅថ្ងៃទី៧ មករាឆ្នាំ២០១៩ខាងមុខនេះនៅស្តាតអូឡាំពិកដោយមានប្រជាពលរដ្ឋខ្មែរចូលរួមអបអរសារទប្រមាណជាងបីម៉ឺននាក់ ។ លោកនាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានណែនាំឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់ នៅតាមចំនុចអគារខ្ពស់ដែលនៅព័ទ្ធជុំវិញទីតាំងប្រារព្ធពិធីតាមសំណង់ដែល មានកម្មករកំពុងធ្វើការ រីឯពាក់ព័ន្ធ និងបញ្ខាចរាចរណ៍លោកបានបញ្ជាឲ្យមានការរៀបចំប្រព័ន្ធបង្វែទិស និងតាមតំបន់ផ្លូវតូចៗកាត់ទទឹង ព្រមទាំងផ្លូវព័ទ្ធជុំវិញដើម្បីសំរួលដល់ការកកស្ទៈ ក្នុងនោះសំណូមពរឲ្យរដ្ឋបាលរាជធានីធ្វើការជូនដំណឹង ដល់ប្រជាពលរដ្ឋឲ្យមានការយោគយល់ពីការបិទផ្លូវក្នុងថ្ងៃប្រារព្ធពិធីផងដែរ លើសពីនេះជូនដំណឹងដល់ ម្ចាស់ស្ថានីយ៍ប្រេង ក៏ដូចជាសំណង់អគារចំនួន៨ដែលកំពុងសាងសង់នៅព័ទ្ធជុំវិញទីតាំង ប្រារព្ធពិធី ត្រូវផ្អាកការសាងសង់ផងដែរ ។
សូមរំលឹកថា វិមានឈ្នះឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌព្រែកតាសេក រាជធានីភ្នំពេញ ហើយនឹងត្រូវសម្ពោធជាផ្លូវការចំនួនបីថ្ងៃគឺចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៨ខាងមុខនេះ និង ចំថ្ងៃដែលរាជរដ្ឋាភិបាលប្រារព្ឋពិធីខួប២០ឆ្នាំនៃគោលនយបាយឈ្នះ ឈ្នះផងដែរដោយកម្មវិធីនេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ តាឡឹម