ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆក់ថង់លុយពី ប្តីប្រពន្ធ២នាក់បានសម្រេចសរុប១២០០០ដុល្លារហើតគេចខ្លួនបាត់ដោយសុវត្ថិភាពបង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចិញ្ចើមផ្លូវសហព័ន្ធ រុស្ស៊ី ទល់មុខខ្លោងទ្វារ វត្តពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ផាន់ នឿន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ងាវ រស់នៅម្តុំត្រឡោកបែក មានស្រុកកំណើតនៅភូមិ ស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គាត់និងប្តី បានទៅលេងផ្ទះក្មួយប្រុសរបស់គាត់នៅម្តុំអូដឹម បន្ទាប់មកក្មួយរបស់គាត់បានសងលុយចំនួន១ម៉ឺន២ពាន់ដុល្លារអោយគាត់វិញ ហើយពួកគាត់ក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញ ។
ប្រភពព័ត៌មានដដែលបានបន្តថា លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានចូលលេងប្អូនថ្លៃរបស់គាត់ដែលលក់គោដុតនៅតាមចិញ្ចើមផ្លូវ ពេលនោះស្រាប់តែឃើញជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ២គ្រឿង ក្នុងនោះមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ ១HH-៨៨២៩ បានចូលមកដល់កន្លែងកើតហេតុដែរ ដោយធ្វើជាទិញសាច់គោដុតចំនួន២ម៉ឺនរៀល ពេលនោះក្មួយ(កូនប្អូនថ្លៃ)របស់គាត់បានច្រកសាច់គោដុតឱ្យរួចហើយ តែជនសង្ស័យមិនទាន់ទៅទៀត ហើយគាត់ក៏បានសួរថា «ចាំនរណាគេ?» ជនសង្ស័យឆ្លើយថា «ចាំមិត្តភក្តិមកពីទិញស្រា» ស្រាប់តែជនសង្ស័យខាងលើបានចូលទៅឆក់លុយរបស់គាត់ដែលដាក់ក្នុងហោប៉ៅខ្ចប់ក្នុងថង់ប្លាស្ទិក ពណ៌ខ្មៅយកទៅបាត់តែម្តង ។
ក្រោយពេលកើតហេតុ ភ្លាមៗនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី២១បានមកដល់ កន្លែងកើតភ្លាមៗផងដែរ ហើយបានអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីអោយសមត្ថកិច្ច ជួយស៊ើបអង្កេតរកមុខសញ្ញាខាងលើយកមកផ្តន្ទាទោសតាមច្បាប់ ៕សុខាសែនជ័យ