ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការសហការរវាងរដ្ឋបាលខេត្តស្វាយរៀង នឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំកម្មវិធីមហោស្រពខ្លែងឯកខ្មែរលើកទី២២ នៅបរិវេណតារាងបាល់ទាត់វិទ្យាល័យស្វាយរៀង ក្រោមអធិបតីភាពលោក អ៑ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រីឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង។
លោក អ៊ុក សុជាតិរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា៖ ការប្រារព្ធ មហោស្រពបង្ហើរខ្លែងខ្មែរ លើកទី២២ នៅថ្ងៃនេះគឺជាការ ចូលរួមចំណែកអនុវត្តន៍ទៅតាមគោលនយោបាយជាតិវិស័យវប្បធម៌ គឺក្នុងន័យជំរុញអោយព្រះរាជាណាចក្រកម្ពុជាក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌អោយបានទូលំទូលាយ ហើយការបង្ហើរក្លែងខ្មែរ មិនគ្រាន់តែបង្កអោយប្រជាជនមានការសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្ទេរនូវចំណេះដឹងខាងទំនៀមទម្លាប់ប្រពៃណី ដល់យុវជនជំនាន់ក្រោយអោយបានស្គាល់ យល់ដឹងនឹង ចូលរួមប្រតិបត្តិ ថែរក្សា ការពារ អត្តសញ្ញាណជាតិផងដែរ ។
លោកបានថ្លែងបន្តថា៖ យើងទាំងអស់គ្នាពិតជាមានអារម្មណ៍រីករាយ និងមានមោទនភាពយ៉ាងក្រៃលែងដែលនឹងបានឃើញខ្លែងបង្ហើរឡើងជាច្រើនប្រភេទចម្រុះពណ៌ ហោះព្រោងព្រាតពេញផ្ទៃអាកាស គ្របដណ្ដប់វាលស្រែពណ៌មាសលាយឡំ រុក្ខជាតិពណ៌បៃតង បង្កើតសម្រស់ទេសភាពអោយកាន់តែឆើតឆាយ ទាក់ទាញចិត្ត-កាយ ភ្ញៀវបរទេសអោយចង់មកទស្សនាព្រះរាជាណាចក្រកម្ពុជាដែនដីសុវណ្ណភូមិនៃយើង ។
សូមបញ្ជាក់ថាបើយោងតាម កម្រងឯកសារស្តីពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ រៀបរៀងដោយព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ បានលើកឡើងថា «ប្រពៃណីនៃការបង្ហើរខ្លែង បានឆ្លុះបញ្ចាំងនូវចរិតរបស់សង្គមខ្មែរ ដែលរស់នៅផ្សាភ្ជាប់នឹងធម្មជាតិ ទទួលឥទ្ធិពលពីធម្មជាតិ និងប្រើប្រាស់ថាមពលធម្មជាតិសម្រាប់បម្រើការរស់នៅ និងការកម្សាន្ត ។ ម្យ៉ាងទៀត ប្រពៃណីនៃការបង្ហើរខ្លែង មិនគ្រាន់តែជាពិធីមួយធ្វើឡើងសម្រាប់ជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពិធីមួយសម្រាប់គោរពបូជាដល់សាសនាសំខាន់ទាំងពីរផង ដែរ ដែលប្រជាជនខ្មែរធ្លាប់ជឿ និងគោរពតាំងពីដើមរៀងមក គឺ ព្រហ្មញ្ញសាសនានឹងព្រះពុទ្ធសាសនា។សំរាប់ ខ្លែងដែលមកចូលរួមក្នុងមហោស្រពនេះចំនួន៥៩ខ្លែង មកពីតាមបណ្តាខេត្តរាជធានីីីទូទាំងប្រទេសហើយចំពោះខ្លែងដែលទទួលបានជ័យលាភីក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តនិងបណ្ណ័កិត្តិយសមួយផងដែរ ៕ យឹម សុថាន