ព័ត៌មានទាន់ហេតុការណ៍៖

លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់៖ ស្នើឲ្យមូលនិធិ អប់រំប្រទេសទួរគី បន្ដជួយពង្រឹងគុណភាពអប់រំនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ប្រតិភូមូលនិធិអប់រំទួរគី (Turkish Maarif Foundation) ដឹកនាំដោយលោក Cahit Bagci សមាជិកក្រុមប្រឹក្សាភិបាល នៅថ្ងៃសុក្រ១៤កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេស រដ្ឋមន្ត្រី ទទួលបន្ទុកបេសក កម្មពិសេស ដែលជំនួបនេះក៏មានវត្តមានរបស់ លោកស្រី អៃដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួរគីប្រចាំកម្ពុជា និងលោក Mr. Ahmet Tur kban, សមាជិកគណៈកម្មការត្រួតពិនិត្យនិងប្រតិភូមូលនិធិអប់រំទួរគី។

តាមការបញ្ជាក់របស់ លោក Cahit Bagci បានឲ្យដឹងថា ៖គោលបំណងសំខាន់ ក្នុងការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យអប់រំរវាងកម្ពុជា ទួរគី និងសិក្សាស្វែងយល់អំពីវិស័យ អប់រំនៅកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលតួរគី ដែលបានរៀបចំការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសទួរគី នាឱកាសកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុប នៅទីក្រុងប្រុចស៊ែល ប្រទេសប៊ែលហ្ស៊ីក កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ។

លោក អូស្មាន ហាស្សាន់ ក៏បានស្នើដល់ភាគីទួរគី ជួយបន្ថែមចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាបានឱកាសទៅសិក្សានៅប្រទេសទូរគីអោយបានកាន់តែច្រើនថែមទៀត៕ សំរិត


ចែករំលែក៖