ព័ត៌មានទាន់ហេតុការណ៍៖

រើកន្លែងលក់ដូរអនាធិបតេយ្យក្រឡឹងជុំវិញមណ្ឌលសុខភាពចំការមន តែខ្លាចដូចភ្លើងចំបើង ខណៈមានអ្នករត់ការបើកវិញបង់១កន្លែងជាង៥០ដុល្លារ

ចែករំលែក៖

ភ្នំពេញ: ភាពអនាធិបតេយ្យអត់សណ្តាប់ធ្នាប់ និងធ្វើឲ្យប៉ះពាល់បរិស្ថានការរស់នៅរបស់ប្រជា ពលរដ្ឋរស់នៅក្រឡឹងជុំវិញ មណ្ឌលសុខភាពផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ មន បានតម្រូវឲ្យសាលាខណ្ឌ ចាត់វិធានការណ៍ក្តៅយកម្លាំងចុះរុះរើតូបលក់ដូរ​ក្រឡឹង​ជុំ​វិញ​​​មណ្ឌល​សុខភាពមួយនេះ ខណៈដែលទីតាំងមួយនេះមានភាពអនាធិបតេយ្យចង់ក្លាយជាផ្សារ​ត្រីប៉ះពាល់ដល់អ្នកជំងឺ ប្រជាពលរដ្ឋជិតខាង និងមានរឿងអាស្រូវជាច្រើនរបស់ប្រធាន​មណ្ឌលមួយនេះ ជាមួយនគរប៉ុស្តិ៍ និងសាលាសង្កាត់ផ្សារដើមថ្កូវដណ្តើមផលប្រយោជន៍គ្នា បានពីកន្លែងជួលកន្លែងលក់ដូរ ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរនោះបានឲ្យដឹងថា កន្លងមកនៅក្រឡឹងជុំវិញមណ្ឌលសុខ​ភាព​ផ្សារដើមថ្កូវ ត្រូវបានគេជួលធ្វើជាកន្លែងលក់ដូរយ៉ាងអនាធិបតេយ្យ កន្លែងផ្ញើយានយន្ត និងជាកន្លែងពុះដូងលក់រំខានដល់អ្នកជំងឺនិងអ្នកជិតខាងដែកពួនមិនបានឡើយ។ មិនតែ​ប៉ុណ្ណោះភាពស្អុយឆ្អេះឆ្អាប និងសំឡេងរោទិ៍ម៉ូតូ រថយន្តលាន់ឮខ្លាំងៗកាន់តែធ្វើឲ្យប៉ះពាល់​អារម្មណ៍ប្រជាពលរដ្ឋខ្លាំងណាស់ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ភាពអនាធិបតេយ្យនេះមិនមែនអាជ្ញាធរដែនដីមិនដឹង មិនឮ ដើម្បីចុះទៅរៀបចំសណ្តាប់ធ្នាប់នោះទេ ការពិតអាជ្ញាធរមូលដ្ឋាន ជាពិសេសប្រធានមណ្ឌល សុខភាព នគរបាលប៉ុស្តិ៍ និងសាលាសង្កាត់ ត្រូវរ៉ូវគ្នាជួលទីតាំងនេះឲ្យគេលក់ដូរ ជាថ្នូរនឹង​លុយបង់ប្រចាំខែក្នុងមួយកន្លែងមិនតិចជាង២០ដុល្លារ រហូតចែកគ្នាមិនស្មើមានទំនាស់ឮដល់​ថ្នាក់លើរួចឆ្លើយដាក់គ្នាដើម្បីរួចខ្លួនទៀតផង ។

មន្រី្តសាលាខណ្ឌចំការមនបានឲ្យដឹងថា បន្ទាប់ពីកើតមានភាពអនាធិបតេយ្យ និងមាន​សំ​ណូម​ពរពីប្រធានមន្ទីរសុខាភិបាលរាជធានីតម្រូវកែលម្អទីតាំងនេះឲ្យមានសោភណភាពនិង សមជាមណ្ឌលសុខភាពឡើងវិញនោះ នៅយប់ថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨ គណៈបញ្ជាការឯក ភាពខណ្ឌចំការមនបានយកកម្លាំងទៅរុះរើតូបលក់ដូរអនាធិបតេយ្យអស់ហើយ។

ការរុះរើតូបលក់ដូរក្រឡឹងជុំវិញមណ្ឌលសុខភាពចម្ការមននេះធ្វើឲ្យប្រជា ពលរដ្ឋសម្តែង​អប​អរ​សាទរខ្លាំងណាស់ ប៉ុន្តែពួកគាត់មានការបារម្ភខ្លាចចំណាត់ការនេះបានតែមួយភ្លែតដូចភ្លើង ចំបើង ពីរបីថ្ងៃក្រោយមកកើតឡើងវិញលើសដើម ព្រោះឮដំណឹងថាមានអ្នករត់ការសុំទៅ​អាជ្ញាធរបើកកន្លែងលក់ដូរឡើងវិញ ក្នុង​តម្លៃមួយតូបមួយជាង៥០ដុល្លារឯណោះ ៕ ប្រាថ្នា


ចែករំលែក៖