ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូន ជនសង្ស័យ ចំនួន១៣នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់ សារធាតុញៀនទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ ។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង១៣នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង ។ ជនសង្ស័យទាំង១៣នាក់ខាងលើនេះ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង ។
លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ ៕ តុង សីហា