ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបើកល្បឿនលឿនស្របទិសគ្នាបានបុកពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យស្រ្ដីជាអ្នកបើកបរម៉ូតូទាំងសង្ខាង៣នាក់ទទួលរងរបួសធ្ងន់ស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨និង៣៥នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ១១០ ស្ថិតក្នុងភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ប៉ុង ស្រ៊ឺ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល បើកបរម៉ាកស៊ុយហ្ស៊ូគី ឡែត ធុនសេ១២៥ ពណ៌ស+ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1CN-5789 (របួសធ្ងន់បាក់ជើងឆ្វេង) ។ ចំណែកឯភាគីម៉ូតូម្ខាងទៀតម៉ាកហុងដា ស្កុបពី ធុនសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1E-3264 បើកបរដោយឈ្មោះ ម៉ោង ទៀង ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តា (រងរបួសធ្ងន់) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ សុខ លៀង ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំជាមួយគ្នា (រងរបួស ស្រាល) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញស្រ្ដីរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីឡែត ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១១០ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងឆ្លងផ្លូវ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាធ្វើដំណើរមកពីក្រោយស្របទិសគ្នា បានបុកម៉ូតូស៊ុយហ្ស៊ូគីឡែតចំពាក់កណ្ដាលនៃម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យស្រ្ដីជាអ្នកបើកបរម៉ូតូស៊ុយហ្ស៊ូគីឡែតទទួលរងបួសធ្ងន់បាក់ជើងឆ្វេង រីឯស្រ្ដីរងគ្រោះជាអ្នកបើកបរម៉ូតូហុងដាឌ្រីមទទួលរងបួសធ្ងន់ និងអ្នករួមដំណើររងរបួសស្រាល ។
ក្រោយពីនគរបាលចរាចរណ៍ស្រុកទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះក៏ចុះអន្តរាគមន៍កន្លែងកើតហេតុ រួចធ្វើការត្រួតពិនិត្យ វាស់វែង ហៅរថយន្ដសាមុយដឹកបញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់យកទៅមន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបាននគរបាលកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការពិនិត្យនិងវាស់វែងរួច នគរបាលជំនាញបានបញ្ជាក់ថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាក ស៊ុយហ្ស៊ូគីឡែត បើកបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន មិនគោរពសិទ្ធិអាទិភាព ។ ចំណែកឯអ្នកបើកបរម៉ូតូម៉ាកហុងដាស្កុបពីវិញ បើកបរមានល្បឿនលឿន គ្រប់គ្រង ល្បឿនមិនបាន ក៏បុកចំពាក់កណ្តាលម៉ូតូម៉ាកស៊ុយហ្ស៊ូគីឡែតតែម្តង ៕ស្អាងជ័យ