ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបសិប្បកម្ម កែច្នៃរថយន្តកាត់ត និងតំឡើងរថយន្តខុសច្បាប់១កន្លែង នៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សិប្បកម្មកែច្នៃកាត់ត និងតំឡើងរថយន្ត១កន្លែងខុសច្បាប់នៅខេត្តបន្ទាយមានជ័យបានរងការបង្រ្កាបពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យខណៈទីតាំងកែច្នៃរថយន្តបានកំពុងធ្វើសកម្មភាពយករថយន្តនាំចូលគេចពន្ធកាត់ជា២ទៅ៣កំណាត់យកមកតំឡើងនៅសិប្បកម្មដោយខុសច្បាប់ ។

ការបង្រ្កាបកម្លាំងនគរបាលធ្វើឡើងនៅល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដែលមានម្ចាស់ឈ្មោះ សំ ប៊ុនធឿន ភេទប្រុស​អាយុ៤០ឆ្នាំ ស្ថិតនៅភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដែលមានការដឹកនាំកម្លាំងបង្រ្កាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីចាបសុផាឫទ្ធិ ស្នងការ រងទទួលផែនប្រឆាំងបទល្មើស និង លោក សុខ កែវបណ្ឌិត ព្រះរាជអា ជ្ញារងអមសាលា ដំបូងខេត្តបន្ទាយ មានជ័យ ។

ប្រតិបត្តិការឆ្មក់ចូល បង្រ្កាបនោះផងដែរ សមត្ថកិច្ចឆែកឆេរ ត្រួតពិនិត្យ និងដកហូតវត្ថុតាង រថយន្ត ម៉ាកតូយូតា លុចស៊ីស RX៣០០ ពណ៌ខ្មៅតភ្ជាប់រួច១គ្រឿង,រថយន្តម៉ាកតូយូតា ហាយឡិន ឌ័រតភ្ជាប់រួច ពណ៌ស ១គ្រឿង,រថយន្តម៉ាកតូយូតាហាយព្រីត ឆ្នាំ២០០៧ពណ៌ស្ក ដាច់ជាពីរ មិនទាន់ភ្ជាប់១ គ្រឿង,ក្បាលរថយន្ត ម៉ាកតូយូ តាព្រូស ពណ៌ខ្មៅ គ្មានតួ១គ្រឿង ,រថយន្តម៉ាកលុចស៊ីស RX៣០០ ពណ៌ប៉ៃតង១គ្រឿង តំឡើងរួច មិនទាន់ដាក់ពូកកៅអី និងដកហូត សម្ភារពាក់ព័ន្ធ និង ការតំឡើងរថយន្ត មួយចំនួនផងដែរ ។

ស្នងការរងទទួលផែនប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី ចាបសុផាឫទ្ធិ ប្រាប់ឲ្យដឹងថា ក្នុងកិច្ចការងារដែលកម្លាំងនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចចុះបង្រ្កាបទីតាំង សិប្បកម្មកែច្នៃរថយន្តខុសច្បាប់អនុវត្តតាមបទបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ​អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងវិធានការ បង្ការទប់ស្កាត់នៃ ការនាំចូលរថយន្តគេចពន្ធខុសច្បាប់ ក្នុងរូបភាពនាំចូល រថយន្តអេតចាយកាត់ជាពីរទៅបីកំណាត់ និងយកតំឡើង ខុសបច្ចេកទេសដែល ការយកទៅប្រើប្រាស់រថយន្តកាត់តគ្មានបច្ចេកទេសត្រឹមត្រូវ វាប្រឈមបញ្ហាគ្រោះ ថ្នាក់អាយុជីវិតប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ស្នងការរងប្រាប់ឲ្យដឹងទៀតថាទីតាំងសិប្បកម្មកែច្នៃ និងតំឡើងរថយន្តខុសច្បាប់ខាងលើក្រោយធ្វើការត្រួតពិនិត្យ និងដកហូតវត្ថុតាង ជាក់ស្តែងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ និងបិទទ្វារ បញ្ឈប់សកម្មភាពនៃ ការធ្វើអាជីវកម្មមួយ រយៈរងចាំឲ្យម្ចាស់ សិប្បកម្មចូលខ្លួន ទៅដោះស្រាយតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា


ចែករំលែក៖