ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ រួមជាមួយម៉ូតូមួយគ្រឿងនៅក្នុងប្រឡាយទឹក សម្ភារៈរាយប៉ាយ កាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅលើដីឡូត៍ចាក់ថ្មី មាត់ប្រឡាយ តាមផ្លូវ៣០ម៉ែត្រ មុខរោងចក្រអំបោះ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ សង្ស័យជាករណីឃាតកម្ម ។
នៅកន្លែងកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ស្លុបពី ពណ៌ស និងមួយសុវត្តិភាព មួយនៅក្នុងប្រឡាយទឹក សម្ភារៈ មួយចំនួននៅរាយប៉ាយ ក្បែរសាកសព ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ខណៈដែលពលរដ្ឋ ធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ នៅវេលាម៉ោងខាងលើ ស្រាប់តែបរទះឃើញសាកសព ដេកស្លាប់ផ្កាប់មុខ នៅដីឡូត៍ មាត់ប្រឡាយ ទើបផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ។
តាមប្រភពនៅកន្លែងកើតហេតុ ករណីខាងលើ សង្ស័យជាករណីឃាតកម្ម ខណៈដែលជនរងគ្រោះ មានស្នាម ដាច់រយៈក្បាល ហូរឈាម តែទោះជាយ៉ងណាក្តី សមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ សាកសួរ ស្រាវជ្រាវ ជាមុនសិន ។
ខណៈដែលសមត្ថកិច្ច កំពុងសាកសួរជុំវិញរឿងហេតុខាងលើ ក៏លេចមុខស្រ្តីចំណាស់ម្នាក់ មកអះអាងថាចៅប្រុស រស់នៅជាមួយគាត់ ជនរងគ្រោះ ឈ្មោះ ស្រៀង សីលា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទ នៅផ្សារអូរឡាំពិក ស្នាក់នៅជាមួយជីដូន ឈ្មោះ លុច សៀង ហ៊ុន អាយុ៦១ឆ្នាំ នៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មានឪពុកឈ្មោះ វ៉ាន ស្រៀង អាយុ៤៨ឆ្នាំ មានម្តាយ ឈ្មោះ សឿង ហុង អាយុ៣៥ឆ្នាំ មានបងប្អូនចំនួន ៤នាក់ ស្រី១ ប្រុស៣នាក់ ជនរងគ្រោះជាកូនទី២ ។
តាមការបំភ្លឺពីស្រ្តី ជាជីដូនរបស់ជនរងគ្រោះ បានឲ្យដឹងថា ចៅប្រុសរបស់គាត់បានទៅចូលរួមកម្មវិធីខួបកំណើតមិត្តភ័ក្រ នៅម្តុំពោធិចិនតុង កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លុះដល់វេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃដដែល បាត់ចៅយូរ ខលទៅសួរម្តង ចៅប្រុស (ជនរងគ្រោះប្រាប់ថា ចេញឥឡូវ ) ហើយនៅតែមិនឃើញដល់ផ្ទះទៀត លុះដល់ម៉ោង១២រំលងអធ្រាត្រ ចូលថ្ងៃទី២៦ ខែធ្នូ នេះ ទូរស័ព្ទទៅម្តងទៀត ចូលតែមិនលើក បាត់ដំណឹងរហូតដល់ វេលាម៉ោង ៥និង៥០នាទីព្រឹកនេះ តែម្តង ផ្អើលឆោឡោ មកមើល ទើបដឹងថាចៅខ្លួនឯង ។
នៅកន្លែងកើតហេតុ ការសន្និដ្ឋានបឋម បានឲ្យដឹងថា ជនសង្ស័យស្ទាក់ វាយ កាប់ ជនរងគ្រោះ រុញទម្លាក់ទឹក ហើយគេចខ្លួន រួចជនរងគ្រោះ មិនទាន់ស្លាប់ ស្រវ៉ាឡើងគោក ហើយដាច់ខ្យល់ស្លាប់តែម្តង ព្រោះជើងខោរបស់ជនរងគ្រោះ សើមទទឹក ហើយសមត្ថកិច្ច កំពុងសាកសួរ និងស្រាវជ្រាវករណីខាងលើ ៕ សុខាសែនជ័យ