ភ្នំពេញ៖ ស្រ្តីម្នាក់ជាកម្មករបោសសំអាត របស់ក្រុមហ៊ុនស៊ិនទ្រី បានរងរបួសបែកមុខធ្ងន់ធ្ងរ ខណៈដែល យុវជន២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងស្ថានភាពស្រវឹងជោគជាំ ចេញពីស្តុបផ្សារដើមគរ ជ្រុលទៅបុកទាំងកំរោលបណ្ដាលឲ្យអ្នកបើកម៉ូតូទាំង២នាក់នោះ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវវេងស្រេង ម្តុំស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ករណីនេះបង្កឡើងដោយយុវជន២នាក់ មិនស្គាល់អត្តសញ្ញាណ (របួសសន្លប់ស្តូកស្តឹងទាំង២នាក់) ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1-Y-2777 ក្នុងស្ថានភាពស្រវឹង ចេញពីស្តុបផ្សារដើមគ បានជ្រុលទៅបុកស្រ្តីម្នាក់ដែលជាកម្មករបោសសំអាតរបស់ក្រុមហ៊ុនស៊ិនទ្រី បណ្តាលឲ្យរងរបួសធ្ងន់ ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានហៅរថយន្តសាមុយរបស់គ្លីនិកឯកជន សួគ៌ាមកដឹកជនរងគ្រោះ និងអ្នកបើកម៉ូតូបង្កដែលរបួសធ្ងន់ទាំង៣នាក់ យកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូបង្កហេតុត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយគ្នាតាមក្រោយ ៕ ស រស្មី